ដ្បិតកាយសម្បទាមិនដូចអ្នកដទៃតែ នារីកម្ពស់ ៩២ cm ប្រឹងរៀនក្លាយជាសិស្សពូកែ និងបញ្ចប់បរិញ្ញាបត្រយ៉ាងជោគជ័យ
កាលពីពេលកន្លងទៅ មហាជនថៃជាច្រើន បានសម្តែងការសាទរដល់និស្សិតស្រីឈ្មោះ Maew ជាខ្លាំង បន្ទាប់ពីបានឃើញនាងតស៊ូប្រឹងប្រែងរហូតរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច បើទោះបីជានាងពិបាកក្នុងការធ្វើដំណើរ ឬ ឡើងជណ្តើរសាលារៀនក៏ដោយ។
អ្វីដែលកាន់តែពិសេស បើតាមការទម្លាយពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយបានឱ្យដឹងថា ថ្វីដ្បិតតែនាងមានមាឌតូច តែចិត្ត និង ការតស៊ូរបស់នាងធំធេងណាស់ ពោលគឺនាងប្រឹងប្រែងរៀនរហូតចប់ថ្នាក់បរិញ្ញាបត្រ ពិសេស ថែមទាំងជាសិស្សពូកែស្ថិតនៅតារាងកត្តិយសលេខ ២ ប្រចាំថ្នាក់សិក្សារបស់នាងផងដែរ។
យ៉ាងណាមិញ ជុំវិញដំណឹង និង រូបភាពថ្ងៃពិសេសដែលនាងបានឡើងទទួលសញ្ញាបត្រនោះ ពិតជាធ្វើឱ្យមហាជនជាច្រើនឃើញហើយ មានក្តីរំភើបចិត្តជំនួសនាង និង សរសើរទៅលើនិស្សិតស្រីរូបនេះជាខ្លាំង ពិសេស គ្រប់គ្នាបង្ហាញការស្រឡាញ់ ក៏ដូចជា ជម្រុញទឹកចិត្តឱ្យនាងតស៊ូបន្ដដំណើរជីវិតរបស់នាងទៀត ដើម្បីជោគជ័យទៅថ្ងៃអនាគតផងដែរ៕
ប្រភព៖ Sanook