ស្នងការបញ្ជាក់មូលហេតុបណ្ដាលឱ្យទូកដដឹកសិស្សសាលាលិ-.ច
នៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញព៌ត័មានពីករណីលិចទូកដទទឹង នៅស្រុកលើកដែក ដែលបានកើតហេតុកាលពីវេលាម៉ោង ១៩ និង ០០ នាទី ស្ថិតនៅចំណុច ទូកដទទឹង ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល និង មានការដឹកនាំកម្លាំងចុះជួយសង្គ្រោះ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។
ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដទទឹង បាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែកបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ០៤ នាក់ ក្នុងនោះមានស្រី ០១ នាក់ ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន ០២ នាក់ ស្រី ០នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ។
យ៉ាងណាមិញ ចំពោះករណីនេះ ខាងស្នងការបានបញ្ជាក់ឱ្យដឹងថា គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និង មិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ ខណៈបច្ចុប្បន្ន ខាងកម្លាំង កំពុងតែបន្តស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល