ពិតទេ? ផ្ទុះផ្អើលចចាមអារ៉ាមថា ប៉ុស្តិ៍តុក្កតា Cartoon Network ត្រូវបិទចោលក្នុងឆ្នាំ ២០២២ នេះ
Cartoon Network គឺជាប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបអាមេរិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Warner Bros.។ ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះដែរ បង្កើតឡើងដំបូងដោយ Ted Turner និង ផ្ដើមចាក់បញ្ចាំងផ្សាយនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៩២។
ប៉ុស្តិ៍ទូរទស្សន៍មួយនេះផងដែរ គឺតែងតែជាប៉ុស្តិ៍ដ៏ពេញនិយម និង ជាកន្លែងពិសេសបំផុតក្នុងក្រអៅបេះដូងក្មេងៗជំនាន់ឆ្នាំ ៩០ រហូតមកទល់បច្ចុប្បន្ននេះ ដោយសារតែប៉ុស្តិ៍មួយនេះ ពោរពេញទៅដោយរឿងតុក្កតាល្បីៗ ល្អៗមើល ជក់ចិត្តដិតអារម្មណ៍ក្មេងៗឱ្យរីករាយក្នុងការទស្សនា។
ដោយឡែកថ្មីៗនេះ ស្រាប់តែមានចចាមអារ៉ាមមនុស្សនិយាយតៗគ្នាថា ប៉ុស្តិ៍ទូរទស្សន៍ Cartoon Network ត្រូវបានបិទចោលនៅក្នុងឆ្នាំ ២០២២ នេះហើយ ដែលបណ្ដាលឱ្យមហាជនជាច្រើន ជាពិសេសក្មេងៗជំនាន់ឆ្នាំ ៩០ មានការភ្ញាក់ផ្អើល និង តក់ស្លុតជាខ្លាំង ដោយពួកគេចង់ដឹងឱ្យប្រាកដថា ចចាមអារ៉ាមមួយនេះតើជាការពិតមែន ឬក៏យ៉ាងណានោះ?
ខណៈឃ្លា «RIP CARTOON NETWORK» ផ្ទុះការចែកចាយខ្លាំងពាសពេញបណ្ដាញសង្គម Twitter និង តាមបណ្ដាញសង្គមនានា បង្កជាប្រធានបទក្ដៅខ្លាំងនោះ ខាងក្រុមហ៊ុន Warner Bros. ក៏បានចេញបកស្រាយឱ្យអស់ចម្ងល់មហាជនថា «Cartoon Network គឺមិនទាន់ស្លាប់នោះទេ»។ ចចាមអារ៉ាមមិនពិតទាំងនោះ ត្រូវបានចែកចាយឡើង នៅពេលដែលក្រុមការងារ cartoon network ផ្ញើសារមួយនិយាយថា ក្រុមហ៊ុន Warner Bros Animation និង ខាង Cartoon Network studios នឹងត្រូវរួមបញ្ចូលគ្នា។ ការបង្កជាការយល់ច្រឡំ គឺកើតមានឡើងក្រោយពីបុរសអ្នកលេងបណ្ដាញសង្គម Twitter ម្នាក់បង្ហោះសារសរសេរថា «RIP CARTOON NETWORK» ទើបធ្វើឱ្យមានចចាមអារ៉ាមផុសផុលបែបនេះកើតមានឡើង។
ជាមួយគ្នានោះដែរ ខាងប្រធានក្រុមហ៊ុន Cartoon Network Studios ក៏បានបញ្ជាក់ច្បាស់ៗដែរថា ប៉ុស្តិ៍ទូរទស្សន៍តុក្កតាមួយនេះ នឹងនៅតែបន្តដំណើរការផ្សាយដូចដើមដដែល ប៉ុន្តែនៅថ្ងៃអនាគតយ៉ាងណាទៀតនោះ ពួកគេក៏មិនទាន់ហ៊ាននិយាយនោះដែរ៕
ប្រភព៖ FreshesLive