ព្យុះស៊ីក្លូន Son Ca វាយប្រហារប្រទេសវៀតណាម បង្កជាទឹកជំនន់ បំផ្លាញសំណង់អគារផ្លូវថ្នល់ធ្ងន់ធ្ងរ
ភ្លៀងធ្លាក់យ៉ាងគំហុកចាប់ពីម៉ោង ១ រសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ (វេលាក្នុងតំបន់) រហូតមកដល់ព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ បានបង្កជាទឹកជំនន់យ៉ាងខ្លាំងក្លា និងបណ្ដាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត ខណៈផ្ទះសម្បែងពលរដ្ឋ និង ផ្លូវថ្នល់នានាក្នុងក្រុង Da Nang ប្រទេសវៀតណាម រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
តាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងទៀតថា ព្យុះស៊ីក្លូន Son Ca បានបង្កជាភ្លៀងធ្លាក់យ៉ាងគំហុកលើតំបន់មួយចំនួនក្នុងប្រទេស ជាពិសេសនៅក្រុង Da Nang នេះតែម្ដង ដែលរយៈពេលត្រឹមមួយយប់ បានបណ្ដាលឱ្យតាមផ្ទះ និង ដងវិថីនានាក្នុងក្រុង ត្រូវទឹកជន់លិចគ្មានសល់ គួរឱ្យរន្ធត់បំផុត។
បើតាមការព្យាករណ៍អាកាសធាតុនៅក្នុងថ្ងៃនេះ និង ថ្ងៃទី ១៦ តុលាស្អែក ក្រុង Da Nang នឹងនៅតែបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពី ៨០ ទៅ ១៥០ មីលីម៉ែត្រ និង តំបន់ខ្លះទៀតអាចមានរហូតដល់ ២២០ មីលីម៉ែត្រ។ ការបន្តមានភ្លៀងធ្លាក់នេះ អាចជាហានិភ័យខ្ពស់បង្កជាទឹកជំនន់ តាមតំបន់ទំនាប និង មានបំណាក់ដីតាមតំបន់ភ្នំ៕