ទៀតហើយ! ផ្ទាំងគំនូរតម្លៃជាង ៨០ លានដុល្លាររបស់ Van Gogh ត្រូវក្រុមសកម្មជនជះទឹកប៉េងប៉ោះដាក់
កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ សកម្មជនប្រឆាំងឥន្ធនៈហ្វូស៊ីលចំនួន ២ រូប បានធ្វើការជះស៊ុបទឹកប៉េងប៉ោះទៅលើផ្ទាំងរូបគំនូរផ្កាឈូករត្ន័ដ៏ល្បីរបស់លោក Vincent Van Gogh នាសារមន្ទីរ London’s National Gallery បង្កជាការភ្ញាក់ផ្អើលជាខ្លាំង។
ស្ត្រីវ័យក្មេងចំនួន ២ រូប ដែលជាសកម្មជនមកពីក្រុម Just Stop Oil បានធ្វើការយកស៊ុបទឹកប៉េងប៉ោះចំនួន ២ កំប៉ុង ជះស្រោចទៅលើរូបគំនូរតម្លៃប្រមាណជា ៨៤.២ លានដុល្លាររបស់វិចិត្រករដ៏ល្បីឈ្មោះ Vincent Van Gogh មុនពេលពួកគេយកកាវមកប៉ាតលើបាទដៃខ្លួនផ្អឹបជាប់ពីជញ្ជាំងពីក្រោមផ្ទាំងគំនូរនោះ រួចនិយាយថា ៖«តើមួយណាមានតម្លៃជាង? គំនូរ ឬ ក៏ជីវិតយើង? តើរបស់នេះវាមានតម្លៃជាងអាហារទៅទៀតឬ? មានតម្លៃជាងភាពយុត្តិធម៌ទៀតមែនទេ? តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ការពារផ្ទាំងគំនូរនេះ ឬ ក៏ចាប់អារម្មណ៍ការពារមនុស្ស និង ភពផែនដីយើង?»។
គួរឱ្យដឹងថា បច្ចុប្បន្នសកម្មជនទាំង ២ រូបនោះក៏ត្រូវបានប៉ូលិសឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់ ខណៈផ្ទាំងគំនូររបស់ Van Gogh មួយផ្ទាំងនោះ ក៏មិនត្រូវរងការខូចខាតអ្វីនោះដែរ ដោយសារតែមានស៊ុមកញ្ចក់ការពារពីខាងក្រៅ៕