ថៃ គ្រោងស្នើយូណេស្កូ ដាក់បញ្ចូលអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក មុនថ្ងៃគម្រប់ខួប ១០០ ឆ្នាំរបស់ទ្រង់
សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ នេះថា ក្រសួងអប់រំថៃគ្រោងនឹងស្នើឱ្យអង្គការយូណេស្កូដាក់បញ្ចូលអតីតព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក។
តាមលោកស្រី Trinuch Theinthong រដ្ឋមន្រ្តីក្រសួងអប់រំបាននិយាយកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថា ព្រះអង្គនឹងត្រូវបានគេគោរពជាសាកលចំពោះព្រះរាជកិច្ចដែលទ្រង់បានធ្វើសម្រាប់ប្រជារាស្រ្តរបស់ទ្រង់ ក៏ដូចជាសហគមន៍ពិភពលោកផងដែរ។ លោកស្រីបានបន្តថា ក្រសួងនឹងអំពាវនាវឱ្យអង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ឱ្យដាក់បញ្ចូលព្រះអង្គទៅក្នុងបញ្ជីឱ្យបានមុនថ្ងៃគម្រប់ខួប ១០០ ឆ្នាំរបស់ទ្រង់ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៧។
ដោយឡែក លោកបណ្ឌិត Atthapol Sangkhawasi លេខាធិការអចិន្រ្តៃយ៍នៃក្រសួងអប់រំបាននិយាយថា អង្គការយូណេស្កូ បានពិចារណាឈ្មោះសម្រាប់ដាក់ក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយមកដល់ពេលនេះថៃមានឥស្សិរជន ២ រូបរួចហើយដែលត្រូវបានបញ្ចូលក្នុងបញ្ជី ដោយកាលពីខែវិច្ឆិកាឆ្នាំមុន បានដាក់ព្រះអង្គម្ចាស់ក្សត្រី Galayani Vadhana និង លោក Phrya Sisunthornwohan ដែលជាអ្នកនិពន្ធ និង ជាអ្នកប្រាជ្ញដ៏ល្បីល្បាញឈ្មោះ ក្នុងបញ្ជីនោះ។
គួរបញ្ជាក់ដែរថា ព្រះអង្គម្ចាស់ក្សត្រី Galayani Vadhana ដែលជាព្រះរាមរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ Bhumibol Adulyadej បានសោយទិវង្គតនៅឆ្នាំ ២០០៨ ក្នុងព្រះជន្ម ៨៤ ព្រះវស្សា ដោយទ្រង់បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ សុខភាពសាធារណៈ ការគ្រប់គ្រងសង្គម ទំនាក់ទំនងអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ សាសនា និង សិល្បៈ។
រីឯអ្នកប្រាជ្ញដ៏ល្បីល្បាញឈ្មោះ Phraya Sisunthornwohan (Noi Ajarayangkul) គឺបានទទួលមរណភាពក្នុងឆ្នាំ ១៨៩១ ដោយត្រូវបានគេទទួលស្គាល់ដោយសារស្នាដៃកំណាព្យ ក៏ដូចជាការរួមចំណែករបស់លោក ចំពោះអត្ថបទអប់រំសម្រាប់សាលា Phratumnuk Suan Kularb ផងដែរ៕
ប្រភព៖ Bangkok Post