រកអ្នកជូនទៅបានឬនៅ? សល់ ៣ ថ្ងៃទៀតផុតកំណត់ជិះ Free លើផ្លូវល្បឿនលឿនហើយ បើចង់ជិះត្រូវបង់ថ្លៃប៉ុណ្ណេះ
កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ជូនសាធារណៈជន ឱ្យបានជ្រាបថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្រេចបើកឱ្យដំណើរការសាកល្បង ប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ ដោយគិតចាប់ពីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះ គឺសល់ពេលប្រមាណ ០៣ ថ្ងៃទៀតប៉ុណ្ណោះ នឹងផុតកំណត់ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនសាកល្បងដោយឥតគិតថ្លៃ និង ងាកមកបង់ថ្លៃពេលធ្វើដំណើរវិញ។ ចំពោះតម្លៃ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងផងដែរថា ថវិកាដែលត្រូវបង់ក្នុងឆ្នាំទី ១ គឺត្រឹមតែ ១២ ដុល្លារ ពោលគឺ ១២ ដុល្លារថ្លៃទៅ និង ១២ ដុល្លារថ្លៃមកវិញ សរុប ២៤ ដុល្លារទាំងទៅទាំងមក ក្នុងមួយរថយន្ត។
សូមរំឭកផងដែរថា នៅថ្ងៃបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនឥតគិតថ្លៃជាលើកដំបូង បើគិតពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ៨៩២៧ គ្រឿង ដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង ០៨ ទីតាំង។ តាមការឱ្យដឹងពីក្រសួង មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ច ដែលមានសក្តានុពលពិតមែន៕