កូនខ្មែរគួរស្គាល់! នេះជាព្រះទែនក្រឡាគំនាល់ សម្រាប់ស្ដេចយាងចេញព្រះរាជសវនាការ កាលសម័យបុរាណ
នៅសម័យបុរាណ ការចូលបង្គំគាល់ព្រះមហាក្សត្រក្នុងព្រះរាជរោងក្តី ព្រះមហាប្រាសាទក្តី អស់មន្ត្រីរាជការទាំងឡាយត្រូវក្រាបថ្វាយបង្គំឱ្យរាបទាប។ កិរិយាអង្គុយ ក្នុងព្រះរាជសវនាការរបស់អស់អ្នកមន្ត្រីរាជការ ត្រូវអង្គុយបត់ជើងរាបនឹងផ្ទៃទីព្រះរោង កែងដៃទាំង ២ សង្កត់លើភ្លៅ លើដៃប្រណម្យឱនក្បាលចុះបន្តិច។
ដោយឡែក រីឯទីប្រថាប់នៃព្រះមហាក្សត្រវិញ ក៏មិនមែនជាទីរាជបល្ល័ង្កខ្ពស់ ទីព្រះមហាបុស្បុក ឬ ព្រះទីនាំងកៅអីដែលមានប្រើប្រាស់នាសម័យថ្មីនោះទេ ប្រសិនបើមិនមានព្រះរាជពិធីសំខាន់នោះទេ ព្រះមហាក្សត្រទ្រង់ប្រថាប់នៅលើព្រះទែនទាបមួយ ដែលរចនាយ៉ាងប្រណីត មានបិតមាស ប្រដាប់ក្បាច់រចនា មានក្រាលព្រះវិសុចនីយ៍ មានព្រះខ្នើយសម្រាប់រងព្រះវរកាយ ដែលហៅថា ព្រះទែនក្រឡាគំនាល់ ឬ ព្រះទែនសុវណ្ណអាសនៈ ជាទីងាយស្រួលសម្រាប់ព្រះមហាក្សត្រទ្រង់សវនាការជាមួយអស់មន្ត្រីរាជការជាប្រក្រតីប្រចាំថ្ងៃ។
លុះនៅសម័យក្រោយមក វត្តមានរបស់កៅអីកាន់តែមានសារសំខាន់ជាសកលក្នុងទីព្រះរាជសវនាការ នៅសម័យក្រោយមក ព្រះមហាក្សត្រទ្រង់គង់ប្រថាប់លើព្រះកៅអីមាស (សុវណ្ណកោច្ឆៈ) ឯ ព្រះទែនក្រឡាគំនាល់វិញ គឺដាក់ជាតំណាងទំនៀមពីបុរាណវិញ ដែលសម័យបច្ចុប្បន្ននេះ មិនមានវត្តមានប្រើប្រាស់ទៀតទេ៕
ប្រភព ៖ បុរាណាចារ្យ