វត្ថុបុរាណចំនួន ៣ តម្លៃជាង ៧៧ លានដុល្លារ សល់តាំងពីរជ្ជកាល Ming និង Qing បានបែកនៅសារមន្ទីរក្រុងតៃប៉ិ
សារមន្ទីរ Palace Museum of Taiwan គឺជាសារមន្ទីរដែលបានផ្ទុកវត្ថុបុរាណចិនដ៏ធំបំផុតរបស់ពិភពលោក និង មានទីតាំងនៅជាយនៃទីក្រុងតៃប៉ិ ដែលវត្ថុបុរាណភាគច្រើនត្រូវបាននាំយកមកវិញពីដីគោក ដោយអតីតប្រធានាធិបតីនៃសាធារណរដ្ឋចិន លោក Chiang Kai-shek បន្ទាប់ពីសង្រ្គាមស៊ីវិលបានចប់នៅក្នុងឆ្នាំ ១៩៤៩។
យ៉ាងណាមិញ ក្នុងរយៈពេល ១៨ ខែចុងក្រោយមកនេះ យោងតាមរបាយការណ៍សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយថា ហោចណាស់មានវត្ថុបុរាណរហូតដល់ទៅ ៣ ឯណោះ ដែលវត្ថុទាំងនោះគឺចាប់តាំងពីរាជវង្ស Ming (ចាប់តាំងពីឆ្នាំ ១៣៦៨ រហូតដល់ឆ្នាំ ១៦៤៤) និង រាជវង្ស Qing (ចាប់តាំងពីឆ្នាំ ១៦៤៤ រហូតដល់ឆ្នាំ ១៩១១) ត្រូវបានបែកនៅក្នុងសារមន្ទីរវិមាននៅឯកោះតៃវ៉ាន់ ដោយក្នុងនោះ វត្ថុដែលបានបែករួមមាន ចានសំប៉ែតមួយ កែវទឹកមួយ និង ចានគោមមួយ។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ មេគណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ បានចោទប្រកានប្រធានសារមន្ទីរលោក Wu Mi-cha ពីការប៉ុនប៉ងបិទបាំងថា សារមន្ទីរ Palace បានបំផ្លាញទ្រព្យសម្បត្តិជាតិ។
ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Wu បានបដិសេធការចោទប្រកាន់មួយនេះទាំងស្រុង ហើយបាននិយាយថា ៖ «ពួកគេមិនបានលាក់បាំងព័ត៌មាននេះទេ គ្រាន់តែលោកចង់ស្វែងរកភស្ដុតាងបន្ថែមទៀតតែប៉ុណ្ណោះ»។ លោកបានបញ្ជាក់បន្ថែមទៀតថា ៖ «សម្រាប់តម្លៃនៃវត្ថុបុរាណដែលខូចខាតទាំងនោះប្រមាណជាមិនលើសពី ២.៥ ពាន់លានដុល្លារតៃវ៉ាន់ ដែលស្មើនឹងជាង ៧៧ លានដុល្លារអាមេរិកនោះឡើយ»៕