ទិញព្យាណូមួយទឹកដាក់ផ្ទះ ឱ្យតែដល់ម៉ោង ៥ ព្រឹក ឮសំឡេងគ្រលួចយ៉ាងរន្ធត់ ស្ដាប់ហើយព្រឺសម្បុរ!
កាលពីថ្មីៗកន្លងទៅនេះ មានប្រភពគណនី Facebook របស់ថៃមួយ បានចេញមកទម្លាយរឿងរ៉ាវព្រឺសម្បុរមួយរបស់ខ្លួនឱ្យមហាជនបានដឹង ដោយមានព្យាណូមួយគ្រឿង នៅសុខៗឮសំឡេងដោយខ្លួនឯងគ្មានអ្នកលេង ធ្វើឱ្យអ្នកនៅក្នុងផ្ទះនាំគ្នាភ័យខ្លាចជាខ្លាំង។
បើតាមម្ចាស់ផ្ទះបានឱ្យដឹងថា ខ្លួនទើបតែបានទិញព្យាណូមួយទឹកមួយគ្រឿងមកដាក់ផ្ទះ ហើយចាប់តាំងពីយកមកដាក់ផ្ទះមក ព្យាណូមួយនេះក៏ចាប់ផ្តើមឮសំឡេងដោយខ្លួនឯង ជាពិសេសចាប់ផ្តើមពីម៉ោង ៥ ព្រឹកទៅតែម្តង។
ចំណែកមហាជន បាននាំគ្នាបញ្ចេញមតិថា ក្រែងលអាចមានសត្វកណ្តុរ ឬ សត្វអ្វីផ្សេងៗនៅក្នុងនោះឬយ៉ាងណា ទើបធ្វើឱ្យមានឮសំឡេងបែបនេះ។ ម្ចាស់ផ្ទះក៏តបទៅវិញថា ខ្លួនបានបើកមើលសព្វអស់ហើយគ្មានអ្វីឡើយ ហើយក្នុងសុទ្ធតែគ្រឿងណែនពេញ ដូច្នេះសត្វវាមិនងាយចូលបាននោះទេ។
ដោយឡែក ចំពោះការឮសំឡេងវិញ មិនមែនជាសំឡេងធម្មតានោះទេ គឺសំឡេងភ្លេងបទចម្រៀងតែម្តង ដូចជាមានអ្នកលេងដូច្នោះឯង ហើយម្ចាស់ផ្ទះធ្លាប់តែជាមនុស្សមិនខ្លាចអ្វី តែដល់មកជួបផ្ទាល់បែបនេះក៏ចាប់ផ្តើមខ្លាចហើយ។ យ៉ាងណាមិញ ម្ចាស់ផ្ទះក៏បានទៅធ្វើបុណ្យឧទ្ទិសកុសលឱ្យទៅកាន់វិញ្ញាណដែលនៅជាមួយនឹងព្យាណូនេះផងដែរ ហើយអះអាងថា ខ្លួននឹងមិនលក់ព្យាណូនេះឡើយ គឺនឹងទុកប្រើការជាធម្មតាទៀតផង៕