ទោះអាយុ ៥០ ឆ្នាំ តែលោកជំទាវភរិយាប្រធានាធីបតីកូរ៉េខាងត្បូង នៅក្មេងស្រស់ស្អាតខ្លាំង
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយារបស់លោក គឺលោកជំទាវ Kim Keon Hee បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ទន្ទឹមទៅនឹងវត្តមាននៅលើទឹកដីសុវណ្ណភូមិ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់លោកជំទាវ Kim Keon Hee បើទោះបីឆ្នាំនេះ លោកជំទាវមានវ័យ ៥០ ឆ្នាំក្ដី តែសម្រស់នៅក្មេងស្រស់ស្អាតខ្លាំង ទទួលបានការស្ញើចសរសើរមិនដាច់ពីមាត់។
ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង លោកជំទាវ Kim Keon Hee បានកើតនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៧២ នៅក្នុងតំបន់ Yangpyeong ប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្ន លោកជំទាវមានអាយុ ៥០ ឆ្នាំគត់តែម្ដង។ លោកជំទាវ Kim Keon Hee គឺជាអ្នកជំនួញមួយរូប បានរៀបការជាមួយឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ ២០១២ នឹងទទួលបាននងារថាជាជំទាវទី ១ នៅពេលដែលស្វាមីរបស់លោកជំទាវ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង។
មិនត្រឹមតែមានសម្រស់ស្រស់ស្អាតក្មេងវ័យប៉ុណ្ណោះទេ លោកជំទាវ Kim Keon Hee ថែមទាំងជាបុគ្គលគំរូ មានទឹកចិត្តថ្លៃថ្លាគួរឱ្យគោរពសរសើរបំផុត ជាក់ស្ដែងថ្មីៗនេះ ក្រោយមកដល់កម្ពុជាភ្លាម ក្នុងបេសសកម្មជាមួយស្វាមីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកជំទាវបានឆ្លៀតពេលវេលា ចុះទស្សនកិច្ចសួរសុខទុក្ខនៅក្នុងមន្ទីរពេទ្យ ព្រមទាំងចុះសួរសុខទុក្ខក្មេងប្រុសកើតជំងឺបេះដូងមួយរូបដល់ផ្ទះតែម្ដង កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ បង្ហាញនូវទឹកចិត្តមនុស្សធម៌ដ៏ធំធេងពុំអាចកាត់ថ្លៃបាន៕