បាត់ដំបង ជាខេត្តមួយមានសក្តានុពលទេសចរច្រើនអនេក និង កន្លែងកម្សាន្តល្បីៗមិនចាញ់ខេត្តដទៃឡើយ រួមមានទាំងតំបន់ទេសចរធម្មជាតិ និង កែច្នៃដ៏សម្បូរបែប ដែលជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តទឹកដីដ៏មនោរម្យនេះឥតដាច់។ ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមលើកយកនូវ កន្លែងលម្ហែ ០៥ កន្លែងនៅបាត់ដំបង ពេញនិយមសម្រាប់អ្នកស្រឡាញ់ទេសភាព និងចូលចិត្តថតរូប ដែលមានដូចជា ៖
១. ផ្កាព្រៃរីសត
ស្ថិតនៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកសំឡូត ខេត្ដបាត់ដំបង «ផ្កាព្រៃ រីសត» ជារីសតដែលមានសភាពស្ងប់ស្ងាត់ បង្កើតឡើងនៅជាប់ជើងភ្នំផ្ទាល់តែម្ដង ដែលអាចឱ្យអ្នកទៅទស្សនាកម្សាន្ត អាចទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ល្អជាមួយធម្មជាតិ និង មានអារម្មណ៍ស្រស់ស្រាយក្នុងការស្នាក់នៅផ្សាភ្ជាប់នឹងធម្មជាតិដ៏ស្រស់បំព្រង។
២. តំបន់លម្ហែ វាលស្រែឯកភ្នំ
នៅទីនោះ ប្រិយមិត្តអាចថតរូបលេងកម្សាន្តនៅលើស្ពានឈើ សង់កាច់កោងផុតពីវាលស្រែ គួរឱ្យទាក់ទាញ ព្រមទាំងអាចអង្គុយលើស្ពានឈើ ស្រូបយកនូវខ្យល់អាកាសវាលស្រែបរិសុទ្ធ ធាណាថាបានទៅហើយ ពិតមិនខកបំណងនោះឡើយ។
៣. ចម្ការទំពាំងបាយជូរ និង សួនផ្កាស្រុករតនមណ្ឌល
«ចម្ការទំពាំងបាយជូរ និង សួនផ្កាស្រុករតនមណ្ឌល» មានទីតាំងស្ថិតនៅក្នុងភូមិត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលប្រិយមិត្តអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ តាមផ្លូវទៅកាន់ខេត្តប៉ៃលិន។
៤. ឡូរី ជើងភ្នំបាណន់
បើបានជាទៅដល់ទីរួមខេត្តបាត់ដំបងហើយ ប្រិយមិត្តអាចធ្វើដំណើរពីក្រុង ត្រឹមតែ ២០ នាទីតែប៉ុណ្ណោះ នឹងបានទៅដល់ជើងភ្នំបាណន់ខេត្តបាត់ដំបង ឬ អាចហៅបានថាឡូរីជើងភ្នំបាណន់។ នៅទីនោះ ប្រិយមិត្តចំណាយក្នុងម្នាក់ត្រឹមតែ ១ ម៉ឺនរៀលប៉ុណ្ណោះ នឹងបានថតរូបដោយសេរីនៅទីតាំងជើងភ្នំ ដែលមានទេសភាពស្រស់ត្រកាលគួរឱ្យទាក់ទាញជាទីបំផុត។
៥. វាលចម្បាំងខេមសាយ
វាលចម្បាំងខេមសាយ មានទីតាំងស្ថិតនៅវាលចម្បាំង (បន្ទាយចាស់) ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និង មានចម្ងាយប្រហែល ៩០ គីឡូពីទីរួមខេត្តបាត់ដំបង។