រំភើប! កម្ពុជា ឈ្នះមេដាយសរុប ៧ គ្រឿង ពីព្រឹត្តិការណ៍ប៊ូល និង ប៉េតង់ជើងឯកអាស៊ីលើកទី ៤ នៅប្រទេសថៃ
ព្រឹត្តិការណ៍ប៊ូល និង ប៉េតង់ ជើងឯកអាស៊ីលើកទី ៤ (The 4th Asian Boules Sport Confederation Petanque Championship Tournament) ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ដោយមានប្រតិភូ គ្រូបង្វឹក និង អត្តពលិកម្ពុជាដែលមានសមាជិកទាំងអស់ ២៧ នាក់។
នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជាបានឈ្នះមេដាយសរុប ៧ គ្រឿង លើវិញ្ញាសាចំនួន ៦ ដោយមេដាយទាំងនោះរួមមាន មេដាយមាសចំនួន ៣ គ្រឿង, មេដាយប្រាក់ចំនួន ២ គ្រឿង និង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។
ចំពោះមេដាយមាសទាំង ៣ គ្រឿងនោះ ទទួលបានជ័យជំនះលើវិញ្ញាសាយុវជនអាយុក្រោម ១៨ ឆ្នាំ វាយយកពិន្ទុដោយកីឡាករ អ៊ុត ដួងខែ, បុរសវាយយកពិន្ទុដោយកីឡាករ ថោង ឈឿន និង វិញ្ញាសាបុរស ៣ នាក់ទល់ ៣ នាក់ដោយកីឡាករ ថោង ឈឿន, យឹម សុភ័ណ្ឌ, សៅ សុភារ៉ាន់ និង កីឡាករ តិប នរ៉ា។
ចំណែកឯមេដាយប្រាក់ចំនួន ២ គ្រឿងទទួលបានលើវិញ្ញាសានារីវាយយកពិន្ទុដោយកីឡាការិនី អ៊ុន ស្រីយ៉ា និង វិញ្ញាសានារី ៣ នាក់ទល់ ៣ នាក់ដោយកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង អ៊ុ ដាវីន។ ដោយឡែកមេដាយសំរឹទ្ធ ២ គ្រឿង ទទួលបានពីវិញ្ញាសាយុវជនក្រោម ១៨ ឆ្នាំ ៣ នាក់ទល់ ៣ នាក់ដោយកីឡាករ ភាព ផាឃិន, អ៊ុត សុខជា, នូច សុខេមរៈ និង កីឡាការិនី ហាក់ ស្រីនុត ហើយនឹងវិញ្ញាសាបុរស ៣ នាក់ទល់ ៣ នាក់ដោយកីឡាករ ហេង ស៊ូមៀន, ស៊ីន វង់, ញ៉ែម បូរ៉ា និង ពុធយ៉ុន ច័ន្ទដារ៉ា។
គួរបញ្ជាក់ដែរថា ក្រុមប៉េតង់កម្ពុជាដែលមានទាំងឈុតយុវជន និង ឈុតធំបុរស-នារីចំនួន ៨ ក្រុមដែលកម្ពុជាបញ្ជូនទៅគឺបានដណ្ដើមបានមេដាយ ៧ ក្រុមនេះគឺជាជោគជ័យដ៏ប្រសើរក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ លើទឹកដីខ្លួនឯងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ ២០២៣៕
ប្រភព និង រូបភាពដោយ៖ Cambodia 2023 & ក្រសួងព័ត៌មាន