ចម្លែកខ្លាំង ស្រ្តីម្នាក់បែកញើសចេញជាឈាម ធ្វើឱ្យប្តីភ័យរត់ចោល ព្រោះគិតថានាងជាមេធ្មប់
មានរឿងរ៉ាវរបស់ស្រ្តីជនជាតិឥណ្ឌាវ័យ ២១ ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយមានជំងឺចម្លែកដែលធ្វើឱ្យស្រក់ញើសជាឈាមគួរឱ្យខ្លាច ជាពិសេសបានធ្វើឱ្យប្តីខ្លាចដល់រត់ចោលទៀតផង ព្រោះគិតថាជាមេធ្មប់។
ក្នុងនោះ ស្រ្តីខាងលើនេះបានរស់នៅភូមិនារដ្ឋមួយ នៅប្រទេសឥណ្ឌា ហើយនាងត្រូវខាងពេទ្យវិនិច្ឆ័យបានឱ្យដឹងថា បានមានជំងឺម្យ៉ាងឈ្មោះថា Hematohidrosis ដែលជាជំងឺកម្រមួយ ធ្វើឱ្យញើសរបស់នាងបែកចេញមកជាឈាម នៅតាមស្បែកក្បាល ថ្ងាស ផ្ទៃមុខ មាត់ និង ភ្នែក ជាពិសេសនៅពេលដែលនាងពិបាកចិត្តស្រ្តេសម្តងៗ។ ជំងឺនេះដែរ ត្រូវបានគេដឹងថា មានភាគរយកើតត្រឹមតែម្នាក់ប៉ុណ្ណោះ នៅក្នុងចំណោមមនុស្សមួយលាននាក់។
លើសពីនេះទៅទៀត អ្នកជំនាញខាងឈាមរបស់ឥណ្ឌាបានឱ្យដឹងថា អាការខាងលើនេះ អាចកើតឡើងបាននៅពេលដែលមនុស្សមានសម្ពាធ មានការស្រ្តេស ឬ ការភ័យខ្លាចណាមួយ ដែលធ្វើឱ្យសរសៃឈាមដែលនៅជុំវិញក្រពេញញើសរលាក ហើយនៅដែលការស្រ្តេស ឬ ការភ័យខ្លាចកាន់តែធ្ងន់ទៅៗ នោះសរសៃឈាមនឹងបែក ទើបមានឈាមហូរចេញមកក្រៅដូចជាញើញដូច្នោះឯង តែមិនមានការឈឺចាប់នោះទេ។
យ៉ាងណាមិញ ឪពុករបស់នាងហាក់អស់សង្ឃឹមណាស់ ព្រោះសង្ឈឹមថាថាកូននឹងមានគ្រួសារសុខសប្បាយដូចគេ តែចុងក្រោយមកត្រូវប្តីរត់ចោល ព្រោះតែជំងឺចម្លែកដូច្នេះសោះ។ ជាពិសេស ក៏រឹតតែបារម្ភចំពោះស្ថានភាពជំងឺនាងទៀត ព្រោះវាកាន់តែធ្ងន់ទៅៗ ដែលចាប់ផ្តើមមានឈាមចេញពីកន្លែងផ្សេងៗជាច្រើននៃរាងកាយទៀតផង៕