អ្នកលក់ជាច្រើននៅ Itaewon ស្ទើរតែបិទទ្វារព្រោះគ្មានភ្ញៀវ ក្រោយសោកនាដកម្មកកស្ទះមនុស្សជាប់គ្នា
ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបរួចមកហើយ កាលពីរាត្រីថ្ងៃសៅរ៍ ទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍កកស្ទះជាន់គ្នាមួយនៅតំបន់ Itaewon នៃប្រទេសកូរ៉េ ដែលបណ្ដាលឱ្យមានមនុស្សចំនួន ១៥៤ នាក់បានស្លាប់ និង ចំនួន ១៥២ នាក់ ផ្សេងទៀតបានរងរបួស។
ពិតណាស់ តំបន់ Itaewon គឺជាតំបន់ទេសចរណ៍ និង តំបន់ពាណិជ្ជកម្មដ៏ល្បីមួយរបស់ទីក្រុងសេអ៊ូល ហើយភាគច្រើនគឺប្រមូលផ្ដុំមនុស្សម្នា កកកុញស្ទើររៀងរាល់ថ្ងៃ ជាពិសេសគឺយុវវ័យតែម្ដង។
ដោយឡែក យោងតាមសារព័ត៌មានកូរ៉េមួយបានចុះផ្សាយថា បន្ទាប់ពីតំបន់ Itaewon បានជួបសោកនាដកម្មដ៏អាក្រក់នោះមក អាជីវករ ជាពិសេសអាជីវកម្មជាច្រើននៅទីនោះបានកាត់បន្ថយអតិថិជនរបស់ពួកគេយ៉ាងច្រើនគំហឹកតែម្ដង។
ម្ចាស់អាជីវកម្មមួយតាំងឈ្មោះថា «ក» លោកទើបតែបើកអាជីវកម្មប្រមាណ ២-៣ ខែចុងក្រោយនេះតែប៉ុណ្ណោះនៅ Haebangchon ក្នុងតំបន់ Itaewon។ លោកបានលើកឡើងថា ៖ «បន្ទាប់ពីសោកនាដកម្មនោះមក តំបន់ពាណិជ្ជកម្មដ៏ល្បីរន្ទឺរបស់ទីក្រុងសេអ៊ូល បានធ្លាក់ដល់ចំណុចមួយសឹងតែគ្មានមនុស្សដើរកាត់តែម្ដង ពោលគឺមានមនុស្សតិចតួចខ្លាំងបំផុតសូម្បីតែថ្ងៃចុងសប្ដាហ៍»។
រីឯភោជនីយដ្ឋានអាហារថ្ងៃត្រង់មួយដែលមានទីតាំងនៅក្បែរការិយាល័យ Yongsan-gu ជាធម្មតាមានអតិថិជនជាង ២០ ក្រុមតម្រង់ជួរគ្នាយ៉ាងវែងអន្លាយដើម្បីរង់ចាំចូលញុំាអាហារថ្ងៃត្រង់នៅទីនោះ ប៉ុន្តែឥឡូវនេះគឺមានកៅអី និង តុជាច្រើនទំនេរបែរជាគ្មានមនុស្សមកអង្គុយទៅវិញ។
បុគ្គលិកនៅទីនោះបានលើកឡើងថា ៖ «ក្នុងរយៈពេលត្រឹម ២ សប្ដាហ៍បន្ទាប់ពីសោកនាដកម្មតែប៉ុណ្ណោះ អតិថិជនបានថយចុះជាពាក់កណ្ដាល នេះគឺជារឿងមួយដែលពួកយើងមិនដែលប្រទះទាល់តែសោះ»។
តំបន់ Haebangchon នោះក៏ជាតំបន់មួយដែលមានហាងកាហ្វេដ៏ពេញនិយមខ្លាំង ដែលជាធម្មតាមានអតិថិជនជាច្រើនក្នុងហាង ប៉ុន្តែឥឡូវមានតែបុគ្គលិកតែប៉ុណ្ណោះដែលគេប្រទះឃើញក្នុងហាង ឈរ និង អង្គុយរង់ចាំភ្ញៀវ។
លោក គីម ដែលជាម្ចាស់អាជីវកម្មកាហ្វេនោះបានដកដង្ហើមធំរួចលើកឡើងថា ៖ «មានអារម្មណ៍ថាឥឡូវនេះ ពួកយើងហាក់បីដូចជា ត្រលប់ទៅពេលដែលផ្ទុះការរីករាលដាល COVID-១៩ ជាថ្មីម្ដងទៀត ប៉ុន្តែគ្រាន់តែវាល្អជាងការនោះបន្តិច ព្រោះដោយសារអ្នករស់នៅក្បែរនោះបានមកទិញ និងមានសេវាកម្មវិធីដឹកជញ្ជូន ប៉ុន្តែប្រសិនបើវាបន្តបែបនេះយូរបន្តិចទៀត ខ្ញុំមិនដឹងថាតើពួកយើង ជាពិសេសអាជីវកម្មមួយនេះនៅឈរជើងបានយូរប៉ុណ្ណាទៀតទេ?»៕