នៅខេត្តព្រះវិហារ រកឃើញផូស៊ីលសត្វសមុទ្រ កកជាថ្មកំបោរ អាចជាអតីតសមុទ្រ កាលពីរាប់លានឆ្នាំមកហើយ
ក្រសួងបរិស្ថាន នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ជាក់ពីការរកឃើញផូស៊ីលពពួកសត្វសមុទ្រលៀស គ្រំ ដែល កកជាថ្មកំបោរ ជម្រៅប្រមាណ ២ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខណៈភស្តុតាងដែលបានរកឃើញអាចបញ្ជាក់ថាទីតាំងនេះជាអតីតសមុទ្រកាលពីរាប់លានឆ្នាំមកហើយ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផូស៊ីលខាងលើត្រូវបានរកឃើញក្នុងស្ថានីយផូស៊ីលអូរខ្ញាក់ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាស្ថានីយទី ១ ដែលបានរកឃើញនៅឆ្នាំ ២០១៧ ដោយលោក លឹម វណ្ណច័ន្ទ លោក នោង ទូច លោក ងួន វ៉ាន់ដា និង ក្រុមមន្រ្តីឧទ្យានុរក្សចំណុចនិយាមកា WGS1984 (488224-1534685)។
ស្ថានីយផូស៊ីលអូរខ្ញាក់នេះទៀតសោត ស្ថិតនៅក្នុងអូរខ្មាក់ នៃតំបន់ទំនាបខាងជើង ស្ទឹងសែនប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតនៅរយៈកម្ពស់ប្រមាណ ៧០ ម៉ែត្រធៀបនឹងនីវ៉ូទឹក សមុទ្រ។ ជាតំបន់ដីចាក់បង្គរចាស់ (Old Alluvium) តាមរយៈផែនទីតំបន់នេះមានកំណត់ អក្សរកាត់ N2-Q1 ដើមស័ក Cenozoic (សេណូហ្សូអ៊ុក) (៦៦ លានឆ្នាំ-បច្ចុប្បន្ន)៕
ប្រភព ៖ ក្រសួងបរិស្ថាន