ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ កន្លងមកអ្នកស្រាវជ្រាវនៅកម្ពុជាបានរកឃើញនូវផូស៊ីលចម្លែកជាច្រើនជាបន្តបន្ទាប់ មានអាយុកាលជាច្រើនឆ្នាំជាដំរួយស្វែងរកការពិត និង បម្រើដល់ការស្រាវជ្រាវសម្រាប់ធនធានជំនាន់ក្រោយ។
ជាក់ស្ដែង ផូស៊ីលសំខាន់ៗដែលបានរកឃើញកន្លងមក មានដូចជា ៖
១. ផូស៊ីលត្រី រកឃើញដំបូងនៅកម្ពុជា
អ្នកស្រាវជ្រាវបានរកឃើញផូស៊ីលត្រីជាសំណាកត្រីដែលបានកប់ក្នុងដីហើយប្រែក្លាយទៅជាថ្ម។ ផូស៊ីលត្រីនេះត្រូវបានរកឃើញដោយលោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាននៅឆ្នាំ ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ។
២. ផូស៊ីលខ្យងដ៏ធំ
ផូស៊ីលខ្យងនេះ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ត្រូវបានក្រុមការងារអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រទះឃើញ និង ចុះទៅសិក្សាស្រាវជ្រាវដោយផ្ទាល់ដល់ទីតាំង។ ផូស៊ីលខ្យងនេះត្រូវបានប្រទះឃើញកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំណុចល្អាងភំ្នប្រាំពីរ និង ចំណុចរណ្តៅចិនកាយថ្ម ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភំ្នព្រឹក ខេត្តបាត់ដំបង។
៣. ផូស៊ីលដើមឈើថ្ម
កាលពីពេលកន្លងទៅ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបង្ហាញពីសកម្មភាពធ្វើកំណាយផូស៊ីលដើមឈើថ្មមួយដើម នៅរក្សាបានទ្រង់ទ្រាយយ៉ាងល្អ មានបំណែកស្លឹកឈើ មានឫស សំបក គួរឱ្យភ្ញាក់ផ្អើលបំផុត។ ការធ្វើកំណាយផូស៊ីលដើមឈើថ្ម គឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ រតនគិរី ដែលមានទម្រង់ជាដើមឈើថ្មប្រវែង ១៧ ម៉ែត្រ ត្រូវបានកំណាយ ដោយក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន និង ស្ថិតក្រោមការការពារអភិរក្សរបស់ឆ្មាំនៃមន្ទីរបរិស្ថានខេត្តរតនគិរី។
៤. ផូស៊ីលដាយណូស័រ លើកដំបូងនៅកម្ពុជា
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ផូស៊ីលឆ្អឹងដាយណូស័រមួយបំណែក ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមការឱ្យដឹងពី អ្នកជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ត្រីជំនាញនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និង ស្ថាប័នពាក់ព័ន្ធ បានបញ្ជាក់ឱ្យដឹងថា ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា ដែលបានរកឃើញនៅខេត្តកោះកុង គឺស្ថិតនៅក្នុងអម្បូរ Sauropod Dinosaur៕