កូនខ្មែរចងចាំមិនភ្លេច! ថ្ងៃនេះ ១៧ ឆ្នាំមុន ល្ខោនស្រមោលស្បែកធំ បានបញ្ចូលជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ
គិតត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ គឺជាខួបលើកទី ១៧ ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពោលគឺល្ខោនស្រមោលស្បែកធំ បានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ កន្លងទៅ។
គួរឱ្យដឹងផងដែរថា ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ពីសម័យបុរាណ ហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ ល្ខោនស្រមោលស្បែកធំ មានដើមកំណើតប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី ៩ ។
ល្ខោនប្រភេទនេះ គឺជាសិល្បៈសម្រាប់បូជា ហើយដាច់ដោយឡែកពីកាព្យរាមកេរ្តិ៍ ដោយវាមានតុក្កតាស្បែកធំបង្ហាញលើផ្ទាំងក្រណាត់ផ្ទៃសនូវស្រមោល។ ឆ្នាំ ១៩៦៨ ក្រុមល្ខោនស្បែកធំ បានបង្កើតក្រុមរបាំបុរាណ ហើយបន្ទាប់មកក៏ក្លាយជានាយកដ្ឋានវិចិត្រសិល្បៈ។ បន្ទាប់ពីឆ្នាំ ១៩៧៩ សិល្បករដែលសេសសល់ពីសម័យប៉ុលពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែង ក្នុងប្រទេសដើម្បីបន្តការសម្តែង។ ក្នុងឆ្នាំ ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៏ធំមួយ ទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់ និង តែងនិពន្ធរបាំពីរឿងរាមកេរ្តិ៍ គឺចម្បាំងព្រះឥន្ទ និង ចម្បាំង សនាគកាបាស់៕