កម្សត់ណាស់! ដារ៉ាម៉ា អតីតអ្នកប្រដាល់ធ្លាក់ខ្លួនពិការ អង្គុយលើរទេះលក់ទឹកហាលភ្លៀងខ្យល់ ចិញ្ចឹមជីវិត
មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរទៅលើអតីតអ្នកប្រដាល់មួយរូប ឈ្មោះ ដារ៉ាម៉ា ដែលធ្លាក់ខ្លួនជាជនពិការ អង្គុយលើរទេះរុញលក់របស់របរបន្តិចបន្តួចហាលភ្លៀងហាលខ្យល់គួរឱ្យអាណិតក្រៃលែង។
វីដេអូ អតីតអ្នកប្រដាល់ខាងលើត្រូវបានបង្ហោះដោយគណនី ម៉ីម៉ីលក់ស្រោមទូរស័ព្ទ។ តាមរយៈវីដេអូ និង រូបភាព គេឃើញអតីតអ្នកប្រដាល់កម្សត់រូបនេះ អង្គុយលក់ទឹកបរិសុទ្ធហាលភ្លៀងលើរទេះជនពិការ គួរឱ្យអាណិតអាសូរជាទីបំផុត។
ទាក់ទិននឹងរឿងរ៉ាវអតីតអ្នកប្រដាល់រូបនេះ តាមរយៈគណនីឈ្មោះ រឿន ថារី បានបង្ហោះបញ្ជាក់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យដឹងដែរថា រូបគេឈ្មោះ ធី ដារ៉ាម៉ា ជាអតីតកីឡាប្រដាល់ ត្រូវធ្លាក់ខ្លួនពិកាដោយសារបួស។ តាមប្រភពខាងលើ អតីតកីឡាកររូបនេះ លក់ទឹក ១ ថ្ងៃ បាន ២០០០០៛ ទៅ ៣០០០០៛ ទេ ដោយអង្គុយលក់លើរទេះរុញដែលគេឱ្យ តែពេលនេះខូចត្រូវអង្គុយនៅមួយកន្លែង ដោយពេលទៅលក់ទឹក ត្រូវសុំឱ្យអ្នកជិតខាងដឹកមក។
តាមប្រភពបានបន្តឱ្យដឹងទៀតថា ធី ដារ៉ាម៉ា លក់ចល័តកន្លែង តែពេលយប់គឺទៅលក់នៅផ្លូវវេងស្រេង ចំណែកឯផ្ទះស្នាក់នៅគឺស្ថិតនៅម្តុំជម្ពូវ័ន៕