ចាំក្មេងស្រីរើសអេតចាយចិញ្ចឹមគ្រួសារទេ! ពេលនេះរស់នៅអង្គការ តស៊ូរៀនសូត្ររហូតបានលេខ ១
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីសោកស្ដាយចំពោះក្មេងស្រីមួយរូបមានឈ្មោះ សុខហេង ដែលរវល់តែទៅរើសអេតចាតយកលក់ដើម្បីយកលុយមកទិញបាយឱ្យប្អូន និង ម្តាយហូប ស្រាប់តែមកដល់ផ្ទះត្រូវម្តាយស្លាប់ចោលបាត់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អស់រយៈពេលកន្លងទៅជាយូរ គិតមកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមរយៈគណនីហ្វេសប៊ុក លោក ផន ផល្លា បានបញ្ចាក់ពីជីវិតរស់នៅរបស់ក្មេងស្រីខាងលើឱ្យបានដឹងថា ក្មេងស្រីដែលដើររើសអេតចាយដើម្បីចិញ្ចឹមម្តាយឈឺក្រោកមិនរួច ដោយនៅតែលើគ្រែ ព្រមទាំងចិញ្ចឹមប្អូនប្រុសទាំងពីរនាក់របស់នាងទៀតនោះ នៅថ្ងៃនេះគេបានរត់ទៅប្រាប់លោកថា ៖ «ប៉ាៗ នៅខែនេះខ្ញុំរៀនបានចំណាត់ថ្នាក់លេខ ១ តើ»។
ក្រោយបានឮបែបនេះ លោក ផន ផល្លា ពិតជាត្រេកអរជំនួសក្មេងស្រី និង លើកសរសើរចំពោះចំណោមកូនៗលោកទាំងអស់ថា អ្នកដែលអាចដណ្តើមឈរឈ្មោះក្នុងតារាងកិត្តិយសប្រចាំខែ ទៅតាមថ្នាក់នីមួយៗ មិនតិចគ្នានោះទេ។
គួររំឭកផងដែរថា បើតាមការបញ្ជាក់ពីក្មេងស្រីកម្សត់ផ្ទាល់កាលពីពេលកន្លងទៅ មុននឹងចូលអង្គការបានឱ្យដឹងថា ខ្លួនឈប់រៀនត្រឹមថ្នាក់ទី ២ ហើយដោយដើរប្រកបរបររើសអេតចាយ និង មានបន្ទុក ២ នាក់ ដែលត្រូវចិញ្ចឹមខណៈក្នុង ១ ថ្ងៃ ខ្លួនរកចំណូលបានពីការរើសអេតចាយ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល៕