ត្រៀមដាក់បាវទៅ! សប្ដាហ៍ក្រោយនេះ ដល់កម្មវិធីពិព័រណ៍សៀវភៅលើកទី ៩ ហើយ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើការសហការជាមួយនឹងក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួងព័ត៌មាន ដើម្បីរៀបចំពិព័រណ៍សៀវភៅកម្ពុជាប្រចាំឆ្នាំ លើកទី ៩ ។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី ៩ ឆ្នាំនេះ នឹងធ្វើក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនៅឯបណ្ណាល័យជាតិ ហើយនៅក្នុងកម្មវិធីនោះនឹងមានសៀវភៅជាច្រើនប្រភេទដាក់តាំងលក់ រាប់ចាប់ពីសៀវភៅប្រវត្តិសាស្រ្ត រហូតដល់ប្រភេទសៀវភៅសម្រាប់អភិវឌ្ឍន៍ខ្លួន និង ប្រលោមលោកជាភាសាខ្មែរ ឬ ភាសាបរទេស។
ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជាបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១៩ មានស្តង់ត្រឹមតែ ១៤៥ ស្តង់ប៉ុណ្ណោះ ប៉ុន្តែមានអ្នកទស្សនារហូតដល់ ១៨ ម៉ឺននាក់រយៈពេល ៣ ថ្ងៃ ដែលធ្វើឱ្យវាក្លាយជាពិព័រណ៍សៀវភៅដ៏ធំបំផុតមួយនៅក្នុងកម្ពុជា។ ចំណែកឯឆ្នាំនេះស្តង់នឹងមានចំនួន ១៩៧ ដែលត្រូវបានរំពឹងថានឹងទាក់ទាញអ្នកទស្សនាឱ្យបានចំនួន ១០០ ០០០ នាក់ ក្នុងរយៈពេល ៣ ថ្ងៃនោះ។
គួរបញ្ជាក់ដែរថា ក្រៅពីការលក់សៀវភៅ កម្មវិធីក៏នឹងមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដើម្បីលើកកម្ពស់ការអាន ហើយពិព័រណ៍សៀវភៅ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធឡើងជាប្រចាំនៅឯបណ្ណាល័យជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសៀវភៅជាភាសាខ្មែរ និង ភាសាបរទេស ហើយនឹងលើកកម្ពស់ឧស្សាហកម្មបោះពុម្ពនៅកម្ពុជា។
យ៉ាងណាមិញ វាក៏មានគោលបំណងជួយដល់អ្នកនិពន្ធ និង វិចិត្រករខ្មែរ ក៏ដូចជាបណ្តុះទម្លាប់ស្រឡាញ់ការអានរបស់ប្រជាជនកម្ពុជាគ្រប់វ័យ និង ជំរុញឱ្យមានការចូលចិត្តក្នុងការសរសេរសម្រាប់ក្មេងជំនាន់ក្រោយផងដែរ៕