ចូលចិត្តញ៉ាំអាហារហឹរពេក ស្ត្រីម្នាក់ក្អកជាប់សឹងធ្លាក់សួត រហូតដល់ប្រេះឆ្អឹងជំនីរអស់ ៤
ស្ត្រីម្នាក់នៅប្រទេសចិន បានប្រេះឆ្អឹងជំនីរចំនួន ៤ កង់ ក្រោយលទ្ធផលញ៉ាំអាហារហឹរពេកបណ្ដាលឱ្យក្អកខ្លាំង។ ស្ត្រីម្នាក់នៅក្រុងសៀងហៃ ដែលមាននាមត្រកូលថា Huang បានបញ្ជាក់ឱ្យដឹងថា នៅពេលដែលនាងក្អកខ្លាំងជាប់ នាងក៏ឮសំឡេងប្រេះចេញពីទ្រូងរបស់នាង។ ដំបូងឡើយ នាងគិតថាមិនមានអ្វីកើតឡើងទេ តែក្រោយមកនាងក៏ចាប់ផ្ដើមមានអារម្មណ៍ឈឺ នៅពេលដែលនិយាយ ឬ ដកដង្ហើម។
ក្រោយទទួលការស្កេន CT បានបង្ហាញឱ្យឃើញថា ឆ្អឹងជំនីរចំនួន ៤ កង់របស់នាង បានប្រេះបែកតិចតួច ដែលគ្រូពេទ្យតម្រូវឱ្យយកបង់រុំជុំវិញទ្រូងនាងរយៈពេល ១ ខែ និង ឱ្យនាងសម្រាករហូតទាល់តែជាសះស្បើយ។
តាមសម្ដីរបស់គ្រូពេទ្យបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យប្រេះឆ្អឹងនេះ អាចមកពីស្ត្រីរូបនេះមានរូបរាងស្គមពេក។ នាងមានកម្ពស់រហូតដល់ ១ ម៉ែត្រ ៧១ ប៉ុន្តែទម្ងន់វិញគឺត្រឹម ៥៧ គីឡូក្រាមប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មាន SCMP គ្រូពេទ្យដដែលនេះដែរបាននិយាយថា ៖ «នាងស្គមខ្លាំង រហូតដល់មើលឃើញឆ្អឹងជំនីរច្បាស់ៗ។ ដោយសារតែបែបនេះហើយ ទើបនាងគ្មានសាច់ដុំណាជួយទ្រទ្រង់ឆ្អឹងបាន ទើបបណ្ដាលឱ្យឆ្អឹងងាយប្រេះ នៅពេលដែលក្អក»។
ក្រោយទទួលបានការណែនាំ និង ព្យាបាល ស្ត្រីខាងលើ ប្តេជ្ញាថា ក្រោយជាសះស្បើយ នាងនឹងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីឱ្យមានសាច់ដុំ និង ឡើងទម្ងន់ជាងនេះ៕