ធ្លាប់តែអ៊ូអរ ឥឡូវនៅ កាតា ស្ងាត់ដូចចោរលួចសេះ ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup
ជាការពិតណាស់ រយៈពេលជិតមួយខែកន្លងទៅនេះ ប្រទេស កាតា គឺបានក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកទេសចរជាច្រើនពាសពេញពិភពលោកនាំគ្នាកក់សំបុត្រយន្តហោះធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសមួយនេះ ដោយសារតែ កាតា គឺជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។
ប្រទេស កាតា ត្រូវបានឱ្យដឹងថា បានចំណាយពេល ១២ ឆ្នាំ ក្នុងការរៀបចំប្រទេសខ្លួនឱ្យលេចធ្លោ ស័ក្ដិសមបំផុតក្នុងនាមជាម្ចាស់ផ្ទះការប្រកួតលំដាប់ពិភពលោកដ៏ធំមួយនេះ។ ជាក់ស្ដែង ដូចដែលគ្រប់គ្នាបានឃើញកន្លងមក រយៈពេល ២៨ ថ្ងៃនៃការប្រកួត រហូតឈានដល់ការស្វែករកឃើញម្ចាស់ពានរង្វាន់ FIFA ដែលបានទៅលើក្រុមជម្រើសជាតិ អាហ្សង់ទីន នោះ ប្រទេស កាតា គឺមានសភាពអ៊ូអរខ្លាំងមែនទែន ដោយអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ស្ទើរពាសពេញពិភពលោក បាននាំគ្នាមកប្រមូលផ្ដុំ រាំ ច្រៀងយ៉ាងហ៊ឹកហាក់បំផុត ជាការបង្ហាញការគាំទ្រដល់ក្រុមជម្រើសជាតិរបស់ពួកគេ ។
ទោះជាយ៉ាងណា ក្រោយចប់ការប្រកួតភ្លាម ពោលគឺនៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ សភាពអ៊ូអរដែលធ្លាប់តែឃើញកន្លងមក ប្រែទៅជាស្ងាត់ជ្រងំឈឹង។ បណ្ដាផ្សារនានានៅក្នុងទីក្រុង Doha គឺស្ងប់ស្ងាត់ខុសពីធម្មតា ខណៈប៉ុន្មានថ្ងៃមុន ផ្សារទាំងនោះកកកុញទៅដោយអ្នកទេសចរមកពីបណ្ដាប្រទេសនានានោះ៕