តាមពិត នំអ៊ី បង្អែមសំខាន់របស់ជនជាតិចិនមានប្រវត្តិ និង អត្ថន័យបែបនេះសោះ
ពិធីបុណ្យសែននំអ៊ី ឬ ភាសាចិនហៅ ថា Dongzhi គឺជាប្រពៃណីមួយរបស់ជនជាតិចិន ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យរដូវរងាចន្លោះថ្ងៃទី ២១, ២២ ឬ ២៣ នៃខែធ្នូ។ សម្រាប់ពាក្យ Dongzhi គឺជាពាក្យចិនមានន័យថា «រដូវរងាខ្លាំង» ឬ «ការមកដល់នៃរដូវរងា» និង ជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើងដោយជនជាតិចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងវៀតណាម។
យ៉ាងណាមិញ នំអ៊ីដែលជាបង្អែមសំខាន់មួយរបស់ជនជាតិចិនធ្វើឡើងពីម្សៅអង្ករដំណើប លាយជាមួយទឹកបន្តិច រួចលញ់ជាដុំមូលតូចៗ ហើយយកទៅចម្អិនក្នុងទឹកពុះ គឺមានប្រវត្តិចេញពីរឿងព្រេងមួយក្នុងរាជវង្សហានរបស់ចិន ដោយកាលនោះមានអ្នកបម្រើម្នាក់ឈ្មោះថា Yuanxiao ដែលនឹកឪពុកម្តាយខ្លាំងពេក មិនអាចចេញពីវាំងបាន ក៏យំរហូតដល់ថ្នាក់ចង់សម្លាប់ខ្លួន តែក៏មានមន្ត្រីម្នាក់បានដឹងរឿង ហើយសន្យាថានឹងជួយ Yuanxiao ប៉ុន្តែជាថ្នូរនឹងការជួយ Yuanxiao នោះ គឺតម្រូវឱ្យ Yuanxiao ត្រូវធ្វើនំបានច្រើនតាមដែលអាចធ្វើបាន ដើម្បីថ្វាយព្រះនៅថ្ងៃទី ១៥ នៃខែដំបូងក្នុងប្រតិទិនចិន លុះពេល Yuanxiao ធ្វើបានហើយគេក៏ទទួលបានការអនុញ្ញាតឱ្យទៅជួបឪពុកម្តាយ ទើបគ្រប់គ្នានៅសម័យនោះហៅនំនេះថា នំ Yuanxiao។
ក្រោយមក រៀងរាល់ពិធីបុណ្យ Dongzhi គេតែងតែធ្វើនំអ៊ី ឬនំ Yuanxiao នេះឡើងមក ដើម្បីបង្ហាញពីការជួបជុំគ្នាក្នុងគ្រួសារដូចដែល Yuanxiao បានជួបជាមួយម្ដាយឳពុកក្រោយពីគេបានធ្វើនំនេះរួច។ ដោយឡែក ក្រៅពីតំណាងឱ្យការជួបជុំក្នុងក្រុមគ្រួសារ អត្ថន័យសំខាន់នៃពិធីសែននំអ៊ីក៏តំណាងឱ្យការចេះស្រលាញ់គ្នា ស្រុះស្រួលគ្នានៃសមាជិកក្នុងគ្រួសារ និង ការបិរភោគនំដើម្បីនាំមកនូវលាភសំណាងល្អ ក៏ដូចជាការដាស់តឿនដល់កូនចៅទាំងអស់ថា ឆ្នាំថ្មីកើនអាយុមួយឆ្នាំទៀតផងដែរ៕
ប្រភព៖ Beijing Tourism