ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានមួយឆ្លងទន្លេមេគង្គ ចាយលុយជាង ២០០ លានដុល្លារ ឱ្យពលរដ្ឋឆ្លងឥតគិតថ្លៃ
តាមរយៈក្រសួងព័ត៌មាននៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ក្រុងទី ៣ ផងដែរ។
ឯកឧត្តម បានបន្តថា នៅពេលស្ពាននេះសាងសង់រួចរាល់ គឺការធ្វើដំណើរមិនតម្រូវឱ្យមានការបង់ប្រាក់ទេ។ បន្ថែមពីនោះទៀត វាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់បែបនេះថា ៖ «ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត អ៊ីចឹងត្រូវសង់ស្ពានមួយនៅដីឥដ្ឋ ឆ្លងទៅល្វាឯមមួយទៀតឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះវែងណាស់ប្រវែង ២ ពាន់ម៉ែត្រជាង។ ពេលយើងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត យើងត្រូវតែមានស្ពានហ្នឹងដែរ ដោយប្រើថវិកាជាតិយើងតែម្ដង។ ផ្លូវល្បឿនលឿនជាថវិកាផ្នែកឯកជន ប្រហែល ១៤០០ លានដុល្លារ ស្ពានប្រហែល ២០០ លានដុល្លារ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានទន្លេមេគង្គហ្នឹង ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី ៣ ដោយមិនគិតថ្លៃ ប៉ុន្តែចង់ជិះផ្លូវល្បឿនលឿនត្រូវបង់កម្រៃឱ្យគេ ឬ ជិះផ្លូវលេខ១ ក៏បានដែរ»។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងត្រូវបើកការដ្ឋានសាងសង់ពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺជាផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ៤ គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕
ប្រភព ៖ ក្រសួងព័ត៌មាន