មិនធម្មតា! ក្នុងឆ្នាំ ២០២២ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៦ សែនតោន និង ស្រូវបានជាង ៣ លានតោន
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា ក្នុងឆ្នាំ ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានជាង ៦៣៧ ០០៤ តោន និង នាំចេញស្រូវបាន ៣ ៤៦៧ ៨៨៦ តោន គិតជាទឹកប្រាក់សរុបបានចំនួនជាង ១ ពាន់លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានបញ្ជាក់ដែរថា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះមាន ប្រទេសចិន រួមទាំងតំបន់ស្វយ័ត ហុងកុង និង ម៉ាកាវ បាននាំទៅចំនួន ២៨៨ ៨៣ ០ តោន ឬ ស្មើនឹង ៤៥%។
ខណៈដែលប្រទេសនៅទ្វីប អឺរ៉ុប ចំនួន ២៥ មានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬ ស្មើនឹង ៣៥% ហើយប្រទេសសមាជិកអាស៊ានចំនួន ៤ មានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬ ស្មើនឹង ១០% និង បណ្តាគោលដៅផ្សេងៗ ដូចជានៅ អាហ្វ្រិក អាម៉េរិក អូស្ត្រាលី រុស្ស៊ី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេសទៀត និង ដែនកោះមានបរិមាណនាំចេញទៅសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤ តោន ដែលមានតម្លៃសរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា កម្ពុជាបាននាំចេញអង្ករក្រអូបប្រណីតបានចំនួន ២៧៧ ៧៣៩ តោន ឬ ស្មើនឹង ៤៤% ហើយអង្ករសែនក្រអូបបានចំនួន ១៧៩ ០៧០ តោន ឬ ស្មើនឹង ២៨% អង្ករសចំនួន ១៥៣ ៤២៨ តោន ឬ ស្មើនឹង ២៤% ខណៈដែលអង្ករចំហុយមានចំនួន ១៥ ៧៨១ តោន ឬ ស្មើនឹង ២% រីឯអង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬ ជិត ២% និង អង្ករដំណើបចំនួន ២៣ តោន។
ដោយឡែក សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់បានចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក៕
ប្រភព៖ ក្រសួងព័ត៌មាន