សែនចិនឆ្នាំថ្មី អ្នកគ្រូណាលី ណែនាំឱ្យសែន និង ប្រើកម្រាលពណ៌នេះនៅចំកណ្ដាលផ្ទះ គឺមិនចេះឆុងទេ
កៀកថ្ងៃបុណ្យសែនចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងខិតជិតមកដល់ បងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន ត្រៀមខ្លួនយ៉ាងរីករាយដើម្បីប្រារព្ធ និង រៀបចំតុបតែងផ្ទះ ក្នុងគោលបំណងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២៣ នេះទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីងាយស្រួលទៅដល់ការសែនកុំឱ្យសាំញ៉ាំពិបាកពេក គួរសែនទូទៅដោយសែនចំកណ្ដាលផ្ទះ គឺមិនប៉ះឆុងទេ ដុតទៀនពណ៌អ្វីក៏មិនប៉ះឆុងដែរ ខណៈកម្រាលដែលសែននៅក្នុងឆ្នាំនេះ គឺអ្នកគ្រូណែនាំឱ្យប្រើពណ៌បៃតងនៅកណ្ដាលផ្ទះ បូករួមនឹងទៀនក្រហមទៀត នឹងនាំឱ្យចម្រើនរុងរឿង។
ដោយឡែក ចំពោះការប្រើប្រាស់ពណ៌ទៀន និង ផ្កា គ្រូហុងស៊ុយបែបវិទ្យាសាស្ត្ររូបនេះ បានបញ្ជាក់ឱ្យដឹងថា ៖ «ឆ្នាំនេះ ការសែនចំកណ្ដាលផ្ទះបើប្រើទៀនពណ៌ក្រហមគឺល្អជាងទៀនលឿង ព្រោះតារាសាស្ត្រលេខ ៤ គឺត្រូវការក្រហម ដោយសារតារាសាស្ត្រលេខ ៤ ជាធាតុឈើ ដែលជាធម្មតាត្រូវប្រើពណ៌បៃតង ប៉ុន្តែដោយសារតារាសាស្ត្រលេខ ៤ រឹងមាំស្រាប់ ដូច្នេះឆ្នាំនេះនៅពេលដែលយើងសែន នៅក្នុងថូផ្ការបស់យើងដែលសែនដាក់សងខាង គឺប្រើដើមរាសី និង ផ្កាពណ៌ក្រហម មិនមែនផ្កាលឿងនោះទេ ពោលគឺដើមរាសី (រាសីត្រាំទឹក) និង ផ្កាក្រហមមកអមគ្នា ហើយភ្លើងទៀនគឺពណ៌ក្រហមដូចគ្នា»។
អ្នកគ្រូបានបន្តឱ្យដឹងថា មូលហេតុដែលអ្នកគ្រូណែនាំឱ្យប្រើដូច្នេះ ដោយសារតែតារាសាស្ត្រលេខ ៤ ធាតុឈើ អ៊ីចឹងគឺពណ៌បៃតង Support ធាតុឈើ ហើយពណ៌ក្រហមគឺធ្វើឱ្យធាតុឈើស្រស់ស្រាយ។ អ្នកគ្រូបានលើកឧទាហរណ៍ថា ធម្មតាដើមឈើមួយត្រូវពន្លឺព្រះអាទិត្យសមរម្យគឺរីកលូតលាស់ល្អ បើដើមឈើទទួលពន្លឺព្រះអាទិត្យមិនល្អ នោះនឹងទៅជារួញៗមិនស្អាតទេ៕