ហ្វីលីពីន ត្រៀមនាំចូលខ្ទឹមបារាំងរាប់ម៉ឺនតោន ព្រោះតែខ្ទឹមបារាំងក្នុងស្រុកឡើងថ្លៃលើសសាច់គោ
នាយកដ្ឋានផ្នែកកសិកម្មក្នុងប្រទេសហ្វីលីពីន គ្រោងនាំចូលខ្ទឹមបារាំងចំនួន ២២ ០០០ តោន ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក ស្របពេលតម្លៃនៃបន្លែដ៏សំខាន់មួយនេះ ហក់ឡើងខ្ពស់ខ្លាំងគួរឱ្យកត់សម្គាល់។
ការដាក់ស្នើការនាំចូលខ្ទឹមបារាំងនេះដែរ ត្រូវបានលើកឡើង អំឡុងពេលធ្វើកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិដទៃផ្សេងទៀតរបស់នាយកដ្ឋាន ហើយក៏ត្រៀមនឹងដាក់ស្នើទៅដល់លោកប្រធានាធិបតី Ferdinand Marcos Jr. សុំការអនុញ្ញាតផងដែរ។
បើតាមការបញ្ជាក់ពីជំនួយការលេខាធិការ លោក Rex Estoperez បានឱ្យដឹងថា ៖«ការដាក់ស្នើនាំចូលខ្ទឹមបារាំងនេះដែរ នឹងធ្វើឱ្យល្អប្រសើរក្នុងរយៈពេលមួយខែ ហើយក៏ជួយទាញទម្លាក់តម្លៃខ្លះផង។ ពួកយើង គឺមិនអង្គុយមើលនឹងភ្នែកនោះឡើយ ព្រោះថា កត្តាមួយជំរុញឱ្យមានអតិផរណា គឺតម្លៃនៃខ្ទឹមបារាំងនេះឯង»។
ជំនួយការលេខាធិការដដែលបានបន្តទៀតថា ការនាំចូលទំនិញក្រៅស្រុកនេះ អាចជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ ហើយយើងក៏មិនមានគម្រោងទៅមុខក្នុងការនាំចូលទៀតដែរឥលូវនេះ។ ទោះជាយ៉ាងណា ប្រសិនបើគម្រោងមួយនេះត្រូវបានអនុម័ត នោះខាងនាយកដ្ឋាន នឹងរំពឹងថានាំទំនិញចូលស្រុកក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន (ទំនិញអាចមកដល់ក្នុងស្រុកមិនលើសដើមសប្ដាហ៍នៃខែកុម្ភៈនោះទេ)។
គួរបញ្ជាក់ថា បើតាមការត្រួតពិនិត្យតម្លៃលក់រាយនៃផលិតផលកសិកម្មក្នុងស្រុកកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅដោយនាយកដ្ឋានកសិកម្ម ខ្ទឹមបារាំងក្រហមមួយគីឡូក្រាម គឺលក់ក្នុងតម្លៃ ៦៥០ ប៉េសូ (១១.៦៨ ដុល្លារ) ខណៈខ្ទឹមបារាំងស ដាក់លក់ក្នុងតម្លៃ ៦០០ ប៉េសូ (១០.៩៤ ដុល្លារ) ដែលតម្លៃនេះ គឺថ្លៃលើសតម្លៃសាច់មាន់ ៣ ដង និង ប្រមាណ ២៥ ភាគរយ ថ្លៃជាងសាច់គោទៅទៀត៕
ប្រភព៖ AJOT