ល្អណាស់! សត្វត្រយងចង្កំកសមានការកើនឡើងនៅកម្ពុជា ខណៈលើពិភពលោកជិតផុតពូជ
នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍ថា សត្វត្រយងចង្កំកសដែលជាប្រភេទសត្វស្លាបដ៏កម្របំផុតនៅលើពិភពលោក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់នៃការផុតពូជជាសកលមានចំនួនប្រហែល ១០០០ ក្បាលតែប៉ុណ្ណោះ ប៉ុន្តែការធ្វើជំរឿនទូទាំងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២២ គេបានកត់ត្រាថាកម្ពុជា មានសត្វប្រភេទនេះចំនួន ៧៩២ ក្បាល ស្មើនឹង ៨០ ភាគរយនៃរបាយការណ៍លើពិភពលោកសរុប។
យ៉ាងណាមិញ នៅឆ្នាំ ២០២២ បានបង្ហាញពីចំនួននៃការធ្វើជំរឿនបានកត់ត្រាទិន្ន័យខ្ពស់បន្តបន្ទាប់គ្នា ដែលលទ្ធផលនេះគឺជាការលើកទឹកចិត្តបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង ហើយចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅដែនជម្រកសត្វព្រៃសៀមប៉ាង (៣៧៧ ក្បាល) និង នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ (៣២៦ ក្បាល)។
តាមការបញ្ជាក់ពីក្រសួងបរិស្ថានបានឱ្យដឹងថា ៖ «សត្វត្រយងចង្កំកស (Pseudibis davisoni) ត្រូវបានគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ប៉ុន្តែសព្វថ្ងៃនេះគេប្រទះឃើញប្រភេទសត្វត្រយងចង្កំកស មានវត្តមាននៅតំបន់ព្រៃរល្បោះភាគខាងជើង និង ខាងកើតនៃប្រទេសកម្ពុជា ហើយចំនួនរបាយការណ៍ផ្សេងទៀតត្រូវបានគេរកឃើញនៅលើកោះ Borneo នៃឧបទ្វីបអាស៊ីខាងត្បូង»។
ប្រភពខាងលើបានបន្តថា សត្វត្រយងចង្កំកសត្រូវបានគេចាត់ចូលជាប្រភេទរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហម IUCN Red List ផងដែរ ដែលតម្រូវឱ្យមានការការពារខ្លាំង៕
រូបភាពដោយ៖ ក្រសួងបរិស្ថាន