ពូកែៗណាស់! សិស្សឆ្នើមកម្ពុជាក្មេងៗ ទទួលបានមេដាយពីការប្រឡងគណិតវិទ្យាអូឡាំពិកពិភពលោក
ការប្រឡងគណិតវិទ្យាអូឡាំពិកពិភពលោក World International Mathematical Olympiad (WIMO 2022) វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ ដែលរៀបចំនៅក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ មានសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំពិកកម្ពុជា ៣ រូប ឈ្នះមេដាយប្រាក់ (Silver Medal) មេដាយសំរឹទ្ធ (Bronze Medal) និង វិញ្ញាបនបត្រកិត្តិយស (Merit Award)។
សិស្សឆ្នើមពូកែៗទាំងនេះ មានដូចខាងក្រោម ៖
– កុមារី ហួត ម៉ីជីង សិស្សថ្នាក់ទី ២ (ឆ្នាំសិក្សា ២០២១-២០២២) នៃសាលា Albert International Academy ទទួលបានមេដាយប្រាក់ (Silver Medal) WIMO 2022 (ប្រឡងអនឡាញ)។
– កុមារី ចាន់ សុវណ្ណធីណា សិស្សថ្នាក់ទី ១ (ឆ្នាំសិក្សា ២០២១-២០២២) នៃសាលា Western International School ទទួលបានមេដាយសំរឹទ្ធ (Bronze Medal) WIMO 2022 (បេក្ខជនតែម្នាក់គត់ដែលបានទៅចូលរួមការប្រឡងផ្ទាល់នៅទីក្រុងបាងកក ប្រទេសថៃ)។
– ប្អូនស្រី អ៊ែល ពេជ្រម៉ារីណា សិស្សថ្នាក់ទី ១២ (ឆ្នាំសិក្សា ២០២១-២០២២) នៃសាលារៀនសុវណ្ណភូមិ សាខាខេត្តតាកែវ និងជាសិស្សនិទ្ទេស A បាក់ឌុបឆ្នាំ ២០២២ ទទួលបានវិញ្ញាបនបត្រកិត្តិយស (Merit Award) WIMO 2022 (ប្រឡងអនឡាញ)៕
ប្រភព ៖ រៀនគណិតវិទ្យា