ផ្ទះអ្នកភូមិចំនួន ៣ ស្រុកនៅកំពង់ស្ពឺ ត្រូវទឹកជន់លិចព្រោះស្ទឹងអន្លង់ជ្រៃជន់ឡើងយ៉ាងឆាប់រហ័ស
ក្រសួងព័ត៌មានបានចុះផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះថា ទឹកជំនន់ស្ទឹងអន្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ក្នុងស្រុកថ្ពង នៅមិនទាន់ហក់ឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយទេ ប៉ុន្តែជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ភ្នំនៃភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានធ្វើឱ្យស្ថានភាពទឹកស្ទឹងអន្លង់ជ្រៃជន់ឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយមានការជន់លិចផ្នែកខ្លះនៃតំបន់ទំនាបក្នុងភូមិសាស្ត្រ ស្រុកថ្ពង ស្រុកឧដុង្គ និង ស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារមានភ្លៀងធ្លាក់បីបួនថ្ងៃជាប់គ្នាគិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករានេះ ផ្នែកខាងលើនៃខេត្ត និង តំបន់ខ្ពង់រាបក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានធ្វើឱ្យទឹកហូរធ្លាក់យ៉ាងគំហុកចូលមកក្នុងស្ទឹងអន្លង់ជ្រៃ ដែលស្ថានភាពបែបនេះបានធ្វើឱ្យអាជ្ញាធរខេត្តសម្រេចចិត្តបើកទ្វារទឹកស្វ័យប្រវត្តិចំនួន ៥ នៅ ស្រុកថ្ពង និង ទ្វារទឹកទំនប់ចាន់ថ្នាលក្នុងស្រុកឧដុង្គ ដើម្បីការពារបាក់ស្រុតទំនប់ និង ការពារការជន់លិចលំនៅឋាន ព្រមទាំងផលដំណាំរបស់ប្រជាកសិករ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទំនាបដីសណ្តតាមដងស្ទឹងអន្លង់ជ្រៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះជំនន់ទឹកភ្លៀង ព្រោះវាអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ គ្រប់ពេលវេលាក្នុងករណីមេឃនៅតែបន្តភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត៕
ប្រភព និង រូបភាពដោយ៖ ក្រសួងព័ត៌មាន និង រដ្ឋបាលខេត្ត កំពង់ស្ពឺ