ស្រណោះណាស់! នឹកម្ដាយពេក មានលុយ ២ ពាន់រៀល ស៊ូជិះកង់ពីបាត់ដំបង ដល់ប៉ោយប៉ែត ដីជិត ១០០ គីឡូម៉ែត្រ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមរំជួលចិត្តបំផុត ក្មេងប្រុសមួយរូប មានអាយុទើបតែ ១៤ ឆ្នាំ តស៊ូជិះកង់ឆ្លងស្រុកឆ្លងខេត្ត ដើម្បីបានទៅជួបម្ដាយជាទីស្រឡាញ់របស់ខ្លួន ដោយក្ដីនឹករឮក។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈផេក សិស្ស វិទ្យាល័យអន្លង់វិល បានឱ្យដឹងថា ក្មេងប្រុសចិត្តស៊ូរូបនេះ មានឈ្មោះ សាន់កង ភេទប្រុស អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៤ គ ក្នុងសាលាបឋមសិក្សាអន្លង់វិល និង មានទីលំនៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្មេងប្រុសរូបនេះ ត្រូវបានគេប្រកាសបាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នាវេលាម៉ោង ១២ ថ្ងៃត្រង់ កន្លងទៅ ខណៈដែលរូបគេ បានចេញពីផ្ទះទៅសាលារៀន ជាមួយនឹងកង់ មានបាញ់ថ្នាំពណ៌សលាយក្រហម ព្រមទាំងស្ពាយកាបូបពណ៌ផ្ទៃមេឃ។ ប៉ុន្ដែ រយៈពេលប៉ុន្មានម៉ោងក្រោយប្រកាសបាត់ខ្លួន គេក៏ឃើញមានការប្រកាសជាថ្មីថា ក្មេងប្រុសរូបនេះ ត្រូវបានរកឃើញហើយ នៅប៉ោយប៉ែត។
បើតាមការឱ្យដឹងពីអ្នកគ្រូរបស់ក្មេងប្រុសរូបនេះបានឱ្យដឹងថា ដោយអារម្មណ៍នឹកម្ដាយពេក បានធ្វើឱ្យប្អូនប្រុស សាន់ កង ជិះកង់ពីឃុំអន្លង់វិល ទៅដល់សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយជិត ១០០ គីឡូម៉ែត្រ ដោយមានប្រាក់ជាប់ខ្លួនត្រឹម ២០០០ រៀលប៉ុណ្ណោះ៕