ថ្ងៃ ២៧ ដល់ថ្ងៃទី ២៩ ខែមករា នៅសៀមរាបនឹងរៀបចំពិធីបុណ្យអង្ករលើកដំបូង មានបវរកញ្ញាចូលរួមទៀត
ក្រសួងព័ត៌មាន បានចុះផ្សាយនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ នេះ នៅខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យអង្ករជាលើកដំបូង ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមករា ខាងមុខ នៅសួនច្បារព្រះរាជដំណាក់ តាមមាត់ស្ទឹងសៀមរាប ហើយព្រឹត្តិការណ៍នេះគឺមានគោលបំណងផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យស្រូវអង្ករ និង បង្ហាញពីសក្ដានុពលទេសចរណ៍ថ្មីៗក្នុងខេត្តទៅកាន់ទេសចរក្នុង និង ក្រៅស្រុក។
ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើង ដោយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និង សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាចម្បងជាមួយក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប (UYFC) ដែលត្រូវបានធ្វើឡើងដើម្បីអបអរដែលកម្ពុជាបានឈ្នះពានរង្វាន់ «អង្ករល្អដាច់គេ» របស់ពិភពលោកក្នុងឆ្នាំ ២០២០ និង ប្រមូលផ្ដុំនូវផលិតផលកែច្នៃពីអង្ករ ហើយក៏មានបំណងលើកទឹកចិត្តដល់ចលនាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទស្សនាប្រទេសរបស់យើង កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និង បដិសណ្ឋារកិច្ចល្អបំផុត»។
បើយោងតាមលោក Philip Kao ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ពិធីបុណ្យអង្ករនឹងមានការតាំងពិពណ៌អង្ករកែច្នៃជាផលិតផល និង ការអភិវឌ្ឍន៍បណ្តុះកូនស្រូវពណ៌ខៀវ និង ពណ៌មាស ហើយក៏មាន Miss Planet International អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
គួរបញ្ជាក់ដែរថា អង្ករកម្ពុជាដែលមានយីហោថា «ផ្កាម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួន ៥ ដង ក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤ និង ២០១៨ ខណៈដែល «ផ្ការំដួល» ទទួលបានពានរង្វាន់នៅឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន