យន្តហោះធំជាងគេលើលោក ជោគជ័យក្នុងកំណត់ត្រាតេស្តហោះហើររយៈពេល ៦ ម៉ោង
យន្តហោះធំជាងគេបំផុតលើពិភពលោក បានសម្រេចដោយជោគជ័យជាមួយកំណត់ត្រាថ្មី លើការតេស្តហោះហើរលើតំបន់វាលខ្សាច់ Mojave នារដ្ឋ California សហរដ្ឋអាមេរិក។
យន្តហោះ Stratolaunch Roc បានចាប់ហោះហើរចេញពី Mojave Air and Space Port ក្នុងរយៈកម្ពស់ ៦ ៨៦០ ម៉ែត្រ និង ត្រឡប់មកចុះចតនៅទីតាំងដដែលវិញ ក្នុងរយៈពេល ៦ ម៉ោងក្រោយ ដែលនេះជាកំណត់ត្រាជោគជ័យថ្មីមួយ។
តាមការបញ្ជាក់ពីសារព័ត៌មាន The Independent បានឱ្យដឹងថា យន្តហោះ Roc មានស្លាបលាតវែងសន្ធឹងដល់ ១១៧ ម៉ែត្រ ដែលប្រវែងនេះ គឺវែងជាងទីលានប្រកួតបាល់ទាត់នៅអាមេរិកទៅទៀត។ យន្តហោះមួយនេះដែរ គឺបង្កើតឡើង ដើម្បីដាក់ និង ទម្លាក់យានលឿនជាងសំឡេង ដែលវាអាចផ្ទុកទម្ងន់បានរហូតដល់ប្រមាណជា ២២០ តោនឯណោះ។
គួររំឭកថា យន្តហោះ Stratolaunch Roc ដែលដំណើរការដោយម៉ាស៊ីនយន្តហោះ Boeing 747 ចំនួន ៦ នេះ បានធ្វើការតេស្តហោះសាកល្បងលើកដំបូងកាលពីខែមេសា ឆ្នាំ ២០១៩ ដែលពេលនោះគឺហោះបានត្រឹមពេល ១៥០ នាទីប៉ុណ្ណោះ ហោះឡើងបានក្នុងកម្ពស់ ៤៥៧២ ម៉ែត្រ ក្នុងល្បឿន ១៧៥ ម៉ៃក្នុងមួយម៉ោង៕