ទៅបោះតង់ដេករំភើយមួយយប់ហើយ ព្រឹកឡើងព្រលឹងចុងសក់ ព្រោះពេលរើតង់ឃើញពស់វែកប៉ុនណាណី
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ បុរសជនជាតិថៃម្នាក់បានរងភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយពីរូបលោកបានបោះតង់ដេកពេញមួយយប់ជាមួយនឹងពស់វែក ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើងចំពោះរូបលោក។
លោក Dacha មកពីខេត្ត Phitsanulok នៃប្រទេសថៃ បានបង្ហោះរូបថតនៅលើហ្វេសប៊ុករបស់លោកនាពេលថ្មីៗនេះ អំពីសត្វពស់វែកមួយក្បាលបានលូនចេញពីតង់ ដែលគាត់បានរុះរើវាចេញនៅឯខេត្ត Rayong ភាគខាងកើតនៃប្រទេសថៃ ដោយលោកបានសរសេរសារថា «វាជិតទៅបាត់ហើយ។ ខ្ញុំសង្ស័យថាវាដេកជាមួយខ្ញុំពេញមួយយប់ ប៉ុន្តែខ្ញុំទើបតែឃើញវាពេល ដែលខ្ញុំរើតង់នៅព្រឹកនេះ»។
អ្នកបោះតង់រូបនេះបានសង្ស័យថា ពស់វែកនេះបានលូនចូលក្នុងតង់ដើម្បីទទួលបានភាពកក់ក្តៅនៅពេលយប់ក្នុងរដូវត្រជាក់ ហើយវាបានភ្ញាក់នៅពេលដែលលោកបានរើតង់ចេញនៅពេលព្រឹក។ មិនតែប៉ុណ្ណោះលោក Dacha ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកលើកឡើងថា លោកគឺជាអ្នកដែលមានសំណាងជាងគេ ព្រោះពស់នេះមិនមែនជាពស់ធម្មតា តែជាពស់វែកដែលមានពិសខ្លាំង និង អាចសម្លាប់មនុស្សបានក្នុងរយៈពេលខ្លី។
យ៉ាងណាមិញ ក្រុមអ្នកនិយមលេងអ៊ីនធឺណែតជាច្រើននៅប្រទេសថៃបានជឿថា ពស់នេះជាពស់វែកសៀម (Naja siamensis) ដែលអាចសម្លាប់មនុស្ស ឬ សត្វបានដោយមិនចាំបាច់ចឹក ដោយវាគ្រាន់តែស្ដោះពិសពីចម្ងាយក៏អាចឱ្យមានអ្នកស្លាប់បានដែរ ហេតុដូចនេះហើយទើបធ្វើឱ្យពួកវាក្លាយជាពស់ដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រទេសថៃ៕
ប្រភព៖ Thaiger