ប្លែកណាស់! ខ្ទឹមក្រហមឡើងថ្លៃ លេងយកខ្ទឹមក្រហមចងជាម៉ូតមកជំនួសបាច់ផ្កាក្នុងថ្ងៃរៀបការ
ផ្ទុះការចែករំលែកពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយកូនក្រមុំថ្មីថ្មោងជនជាតិហ្វីលីពីនម្នាក់ បានច្នៃយកខ្ទឹមក្រហមមកជំនួសបាច់ផ្កា ដើម្បីចែកជូនភ្ញៀវចូលរួម ព្រោះតែបច្ចុប្បន្នតម្លៃទីផ្សាររបស់ខ្ទឹមក្រហមកំពុងឡើងថ្លៃ។
កូនក្រមុំវ័យ ២៨ ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា Lyka Biorrey Nobis បានរៀបរាប់ឱ្យដឹងថា ៖ «ជំនួសឱ្យបាច់ផ្កានាងបានកាន់បាច់ខ្ទឹមក្រហមចំនួន ៤ គីឡូក្រាម។ ដោយមូលហេតុដែលនាងជ្រើសរើសខ្ទឹមក្រហមជំនួសបាច់ផ្កា ព្រោះតែនាពេលបច្ចុប្បន្ននេះ ខ្ទឹមក្រហមត្រូវបានគេឱ្យតម្លៃណាស់ ដោយសារតែវាកំពុងឡើងថ្លៃជាលំដាប់ ហើយវាមានតម្លៃថ្លៃជាងផ្កាទៅទៀត។ បន្ថែមពីនេះនាងបានយកវាធ្វើជាកាដូអនុស្សាវរីយ៍ចែកជូនភ្ញៀវចូលរួម ដើម្បីយកទៅប្រើប្រាស់ ហើយអាចជួយកាត់បន្ថយការចំណាយរបស់ពួកគេផងដែរ»។
គួរបញ្ជាក់ឱ្យដឹងដែរថា តម្លៃខ្ទឹមក្រហមក្នុងទីផ្សារហ្វីលីពីននាពេលបច្ចុប្បន្នមានតម្លៃថ្លៃជាងសាច់ស្រស់ទៅទៀត ដោយក្នុង ១ គីឡូមានតម្លៃប្រមាណជាង ៦០០ ប៉េសូ (ប្រមាណ ១៤.៥០ ដុល្លារ)៕