ស៊ូព្រាត់រស់កុំឱ្យព្រាត់ស្លា.-ប់! សន្យាពេលអូនរៀនចប់បងចូលដណ្ដឹងអូន តែព្រហ្មលិខិតយកបងទៅទាំងមិនបានលា
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាបង្ហាញការសោកស្ដាយ និង រំលែកទុក្ខជាមួយនារីម្នាក់ ក្រោយពីបានឃើញនាងបង្ហោះសាររៀបរាប់ពីទុក្ខសោកសង្រេង ដែលបានបាត់បង់គូស្នេហ៍ជាទីស្រឡាញ់ ដោយសារតែគ្រោះថ្នាក់មួយប៉ប្រិចភ្នែក។
នារីរូបនោះមានគណនីហ្វេសប៊ុកឈ្មោះថា Dav DaRany បានបង្ហោះសាររៀបរាប់ពីគូស្នេហ៍រូបសង្ហាដែលជាកូនសិស្សទាហានម្នាក់ទើបតែបាត់បង់ជីវិត ដោយនាងបានទម្លាយនូវចំណងស្នេហា និង ពាក្យសន្យារវាងនាងនឹងគូស្នេហ៍ពេញដោយក្ដីអាល័យ។
តាមរយៈសារនោះ អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ មុនពេលបុរសជាគូស្នេហ៍បានបាត់បង់ជីវិត លោកធ្លាប់បានសន្យាចំពោះនាងថា នឹងចូលដណ្ដឹងនាងពេលនាងរៀនចប់ ហើយរូបលោកក៏ចង់ឱ្យនាងទៅចូលរួម ពេលដែលលោកបញ្ចប់វគ្គជានិស្សិតនៅសាលាទាហាន។
ក្នុងសារដ៏រំជួលចិត្តនោះ នាងបានរៀបរាប់យ៉ាងច្រើនថា៖ «មិនទម្លាប់សោះ ដែលអូនលែងមានបង គ្មាន Good Morning ពីបង ទម្លាប់ដែលយើងខលរកគ្នារាល់ថ្ងៃ បងសួរនាំបងញញឹមដាក់អូន យើងនិយាយគ្នាសើចសប្បាយ។ យើងស្រលាញ់គ្នាខ្លាំងពេកមិនបានត្រៀមចិត្តថានឹងត្រូវព្រាត់គ្នាបែបនេះ។ អនុស្សាវរីយ៍ច្រើនយើងសាងរួមគ្នាឱ្យអូនភ្លេចបានយ៉ាងម៉េច អូននៅតែនឹកដល់ទង្វើតូចៗ ដែលបងធ្វើឱ្យអូន ជូនអូនទិញអីវ៉ាន់ ជូនអូនញ៉ាំអី អាំងសាច់ឱ្យអូន ជូតចានរៀបចំគ្រប់យ៉ាងឱ្យអូន បកងាវឱ្យអូនញ៉ាំ ចងសក់អង្អែលក្បាលអូន តាមចិត្តអូនគ្រប់យ៉ាងមិន ដែលចង់ឈ្នះអូនទេ គិតគូរអស់ហើយរឿងអនាគតជាមួយគ្នាបងប្រាប់អូនថា ចាំអូនរៀនចប់បងចូលដណ្ដឹងអូនណា ហើយថ្ងៃបងបិទវគ្គអូនកុំភ្លេចមកណា៎ឈឺណាស់ពេលនឹកដល់រឿងនេះ»។
មិនតែប៉ុណ្ណោះ នាងបានរៀបរាប់ទៀតថា៖ «ពេលបងទៅធ្វើការនៅភ្នំពេញបងបានជួបអូនរាល់ថ្ងៃហើយ និយាយថាស្រលាញ់គ្រប់ពេល ទិញចិញ្ចៀនពាក់ជាគូរជាមួយគ្នា យូរៗពួកយើងជួបគ្នាម្ដងឱ្យតែពេលត្រូវឃ្លាតគ្នាបងប្រាប់អូនថាគ្រាន់តែពេលអូនជិះម៉ូតូចេញពីបងហ្នឹងគឺបងនឹកអូនបាត់ទៅហើយ ពួកយើងមិនដែលឈ្លោះគ្នាបានយូរទេព្រោះម្នាក់ៗខ្វះគ្នាមិនបាន តែពេលនេះលែងមានបងហើយយបងឃ្លាតពេលនេះគឺឃ្លាតទៅសែនឆ្ងាយពីអូន បងឃ្លាតមិនបានសូម្បីនិយាយពាក្យថាលា អូនទន់អស់ខ្លួនប្រាណពេលលឺដំណឹងបង ហេតុអីបំបែកមនុស្សល្អដូចគាត់ចេញពីខ្ញុំ»? សន្យាថាពេលអូនមកពីដើរលេងវិញយើងជួបគ្នាតែពេលនេះ…»។
នាងក៏បានបញ្ជាក់ដែរថា៖ «សារមួយនេះអូនសរសេរជាមួយទឹកភ្នែក អូនសូមឱ្យបងទៅបានសុខទៅនៅទីឋានដែលល្អៗ កុំបារម្ភពីអូនអីមនុស្សល្អរបស់អូន អូននឹងព្យាយាមធ្វើចិត្តតែមិនដឹងថាប្រើពេលយូរប៉ុណ្ណានោះទេ តែអូននឹងព្យាយាមនៅមានរឿងច្រើនណាស់ ដែលបងធ្វើឱ្យអូន តែអូនទប់ទឹកភ្នែកលែងបានហើយ។ អូនសុំសរសេរត្រឹមនេះណា៎ បើមានជាតិក្រោយមែនពិតអូនផ្សងជួបមនុស្សល្អដូចបង ជាសង្សារជាប្ដីប្រពន្ធនិងគ្នា ហើយស្រលាញ់គ្នាបែបនេះឱ្យបានដល់ចាស់កោងខ្នងណា៎ អូនស្រលាញ់បង គ្រប់គ្នានៅជុំវិញខ្លួនបងស្រលាញ់បងខ្លាំងណាស់»៕
ប្រភព និង រូបភាពដោយ៖ Dav DaRany