(វីដេអូ) ខឹងប្ដីមានស្រី ស្រាប់តែរួមដៃជាមួយម៉ែក្មេក ទៅចាត់ការស្រីប្ដីយ៉ាងចាស់ដៃនឹកស្មានមិនដល់
នាពេលថ្មីៗនេះនៅប្រទេស វៀតណាម ផ្ទុះការចាប់អារម្មណ៍ទៅលើព័ត៌មានមួយ ដែលបានចុះផ្សាយពីករណីភ្លើងប្រចណ្ឌរបស់ប្រពន្ធរួមដៃជាមួយម្ដាយក្មេកដុតស្រីកំណាន់របស់ប្ដីនៅតាមផ្លូវ ដែលរឿងរ៉ាវនេះបានកើតឡើងនៅក្នុងខេត្ត Da Nang នៃប្រទេសវៀតណាម។
ប៉ូលិសខេត្ត Quang Nam ភាគកណ្តាលប្រទេស វៀតណាម បានលើកឡើងថា មានស្រ្តីពីរនាក់ត្រូវបានចាប់ខ្លួនពីបទដុតភ្លើងលើស្រ្តីម្នាក់ទៀតនៅលើផ្លូវសាធារណៈ ដែលស្រ្តីទាំងពីរនាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Nguyen Thi Diem Phuong មានអាយុ ២៣ ឆ្នាំ និង Dang Thi Thong Nhat ជាម្តាយក្មេកមានអាយុ ៤៤ ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសកំណត់អត្តសញ្ញាណអ្នកទាំងពីរថាបានចាក់សាំងដុតស្ត្រីម្នាក់មានអាយុ ២៨ ឆ្នាំ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ដោយមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូនៃហេតុការណ៍មួយ ដែលបានកើតឡើងនៅពេលថ្ងៃត្រង់តាមដងផ្លូវមួយក្នុងសង្កាត់ Duy Xuyen ខណៈដែលវីដេអូបានបង្ហាញឱ្យឃើញថា មានមនុស្សពីរនាក់បានវាយទៅលើស្ត្រីម្នាក់នៅក្នុងលំនៅដ្ឋានមួយ ក្រោយមកមានម្នាក់ក្នុងចំណោមពួកគេបានយកសាំងទៅចាក់លើនារីនោះ ហើយដុតនាងចោល។ ហើយករណីនេះត្រូវបានគេចំណាយពេលប្រមាណ ២០ វិនាទីដើម្បីពន្លត់ភ្លើង និង ជួយសង្រ្គោះនារីរូបនោះ រួចបញ្ជូននាងទៅមន្ទីរពេទ្យបង្អែកស្រុកសង្រ្គោះបន្ទាន់។
ដោយឡែក លោកឧត្តមសេនីយ៍ឯក Nguyen Duc Dung ជាប្រធាននាយកដ្ឋានប៉ូលីសខេត្ត Quang Nam បានអះអាងពី មូលហេតុនៃអំពើហិង្សានេះថា កើតចេញពីការប្រច័ណ្ឌ ភ្លើងស្នេហា។ ខណៈដែលលោក Nguyen Ha Lai ជាអនុប្រធាននាយកដ្ឋានក៏បាននិយាយបន្ថែមទៀតថា ៖ «នារីឈ្មោះ Phuong បានដឹងថា ប្តីរបស់នាងកំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់អាយុ ២៨ ឆ្នាំនៅទីក្រុង Da Nang ដែលមានព្រំប្រទល់ជាប់ខេត្ត Quang Nam នោះ។ លុះដល់ព្រឹកថ្ងៃទី ២៦ ខែមករា ប្តីរបស់នាងបានអៀវស្ត្រីរូបនោះចេញពីខារ៉ាអូខេ ទើបនាង និង ម្តាយក្មេកស្ទុះទៅវាយស្ត្រីរងគ្រោះ បន្ទាប់មកនាងក៏បានចាក់សាំងចំណុះ ១.៥ លីត្រទៅលើស្ត្រីនោះ ហើយដុតនាងចោល»។
គួរបញ្ជាក់ដែរថា ស្ត្រីរងគ្រោះរូបនោះបច្ចុប្បន្នគឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅមួយកន្លែងក្នុងខេត្ត Da Nang ៕
ប្រភព៖ VNExpress