ផ្កាកំពុងរីកស្គុះស្គាយតាមមាត់ទន្លេ តាមពិតមានឈ្មោះ «ជម្ពូរទេព» ឬអាចហៅ «ធម្មៈបូជា» និង មានលក្ខណៈពិសេសយ៉ាងនេះ
ជារៀងរាល់ឆ្នាំ ក្នុងកំឡុងខែកុម្ភៈ ខែមីនា គេនិយមឃើញផ្កាជម្ពូទេព តែងរីកស្គុះស្គាយស្រស់បំព្រងព្រោងព្រាត តាមដងវិថីនៃមាត់ទន្លេចតុមុខ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាក់ភ្នែកអ្នកធ្វើដំណើរ ក៏ដូចជាទាក់ទាញឱ្យចង់ទៅទស្សនាថតរូបលេងកម្សាន្តអារម្មណ៍។
ទាក់ទិនទៅនឹងការហៅឈ្មោះបែបនេះ បើតាមការបញ្ជាក់កន្លងមកពីផេក ជីវៈចម្រុះនៃប្រទេសកម្ពុជា បានឱ្យដឹងថា ជម្ពូរទេព ឬ ជម្ពូរទេព ១ ពាន់ មានឈ្មោះសាមញ្ញថា ធម្មៈបូជា និង មានឈ្មោះវិទ្យាសាស្ត្រថា Tabebuia rosea ( Bertol.) DC ស្ថិតក្នុងអំបូរ Bignoniaceae។
ជម្ពូរទេព មានកម្ពស់ដើមជាមធ្យម ១៥ – ២៥ ម សម្បកគឺរលោងមានពណ៌ប្រផេះ ឬ ពណ៌ត្នោត នៅពេលចាស់ សម្បកឈើប្រេះជាចង្អូរៗ មែកមានសណ្ឋានផុយ ងាយបែក ស្លឹកលូតចេញមានលក្ខណៈដូចម្រាមដៃ មាន ៤ ទៅ ៥ សន្លឹកក្នុងមួយមែក មានប្រវែងប្រហែល ៥ – ៣០ សង់ទីម៉ែត្រ។
ដោយឡែក ផ្កាវាមានពណ៌ផ្កាឈូកស្រាល និង មានពណ៌ស នៅចុងស្រទាប់កណ្តាលត្របកមានពណ៌លឿង បាច់ផ្កាដុះចេញនៅចុងមែក ផ្កាមានច្រើនពណ៌ គល់ផ្កាភ្ជាប់គ្នាជាបំពង់ នៅខាងចុងបែកជា ៥ ទង រាងដូចត្រែ បណ្តោយ ៥-៧ ស.ម ផ្កាច្រើនរីកក្នុងពេលតែមួយ ងាយធ្លាក់ផ្ការីកពេញទំហំ ៥-៨ សង់ទីម៉ែត្រ។
គួរឱ្យដឹងផងដែរថា ផ្កាជម្ពូរទេពនេះ កន្លងមកមានមហាជនមួយចំនួនច្រើនហៅច្រឡំថា សាគូរ៉ា ដោយសារតែសណ្ឋាន និង ពណ៌របស់ផ្កា មានលក្ខណៈស្រដៀងទៅនឹង ផ្កាសាគូរ៉ា និង ពុំមានអ្នកស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ ទើបគេច្រើនហៅច្រឡំបែបនេះ។ ជាក់ស្ដែង សាគូរ៉ា ជារុក្ខជាតិដែលដុះនៅស្រុកជប៉ុន ដូច្នេះហើយវាពុំអាចរស់នៅក្នុងអាកាសធាតុមួយផ្សេងទៀតបាននោះទេ ព្រោះនៅកម្ពុជាយើងមានអាកាសធាតុខុសពីនៅស្រុកជប៉ុន៕
ប្រភព និងរូបភាព ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា