ផ្អើលរឿងចាប់ជំរិតនៅតំបន់ 7NG នគរបាលខេត្តកណ្ដាលចេញបកស្រាយច្បាស់ៗយ៉ាងនេះ
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ បានធ្វើការបកស្រាយទាក់ទិនទៅនឹងករណីផ្ទុះផ្អើលរឿងមានករណីចាប់ជំរិត នៅតំបន់ 7NG ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពេលថ្មីៗនេះ។
ទាក់ទិនទៅនឹងករណីខាងលើ កន្លងមកគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃ ស្រទាប់មាស និង គណនីហ្វេសបុក ភគវតី សិរីចក្រពត្កិ បានបង្ហោះផ្សព្វផ្សាយ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១. គណនីហ្វេប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស មានខ្លឹមសារថា ៖ «សូមបងប្អូនមិត្តនារីៗមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ រឿងនេះបានកើតលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហែស ហើយក៏សុំអរគុណ ដល់អ៊ំពូមីងដែលជួយខ្ញុំឲ្យរួចពីពួកជនកំណាចទាំងអស់នោះ ករណីចាប់ជំរិតនៅ 7NG»។
២. គណនីហ្វេសប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ មានខ្លឹមសារថា ៖ «នៅម្តុំ Sky Land 7NG មានពួកជនពាលជិះឡានចាប់មនុស្សចូលឡាន កើតឡើងចំពោះមិត្តរួមថ្នាក់របស់ខ្ញុំផ្ទាល់ ផ្កាព្រៃស្រទាប់មាស ចេះសំណាងមានបងប្អូននៅទីនោះជួយទាន់ប្រុងប្រយ័ត្នផងបងៗមិត្តនារី» ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យស្រាវជ្រាវករណីខាងលើជាបន្ទាន់ ដែលជាលទ្ធផល នៅថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៣ ខាងកម្លាំងបានចុះស្រាវជ្រាវ ដោយអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ បានបំភ្លឺថា ៖ «ខ្លួនបានព័ត៌មានខាងលើនេះពីគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនហើយបង្ហោះទៅ»។ ចំពោះម្ចាស់គណនីហ្វេបុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ទាក់ទងពុំបាន។
ក្នុងករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបន់ក្រុមហ៊ុន 7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុកទាំងពីរខាងលើបង្ហោះឡើយ៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល