វត្តមួយនៅកម្ពុជាក្រោម រៀបចំស្អាតភ្លឹង រំលេចក្បូរក្បាច់រចនាប្រណីត មានព្រះពុទ្ធប្បដិមានិព្វានជ្រែកប្រឹក្សាយ៉ាងធំ
ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម ពីវត្តអារាមមួយកន្លែងដែលស្ថិតនៅកម្ពុជាក្រោម មានការរៀបចំ តុបតែងយ៉ាងស្រស់ស្អាត ជាពិសេសមានរូបបដិមាព្រះពុទ្ធយាងចូលបរិនិព្វានយ៉ាងធំសម្បើមជ្រែកប្រឹក្សាគួរឱ្យចង់ទស្សនា។
វត្តអារាម ដែលមានទីតាំងនៅកម្ពុជាក្រោមនេះ ត្រូវបានគេស្គាល់ឈ្មោះថា «វត្តបទុមវង្សាសំរោង» ជាវត្តខ្មែរមួយស្ថិតក្នុងខេត្តឃ្លាំង កម្ពុជាក្រោម ដោយនៅទីអារាមនេះមានរូបសំណាក់ព្រះពុទ្ធយាងចូលបរិនិព្វាន ដែលមានប្រវែង ៦៣ ម៉ែត្រ និង កម្ពស់ ២២.៥ ម៉ែត្រ អមដោយជើងទម្រពីក្រោមដែលសរុបកម្ពស់ពីដី ២៨ ម៉ែត្រ។
វត្តបទុមវង្សាសំរោង បានរៀបចំ និង ថែរក្សាទម្រង់ក្បាច់ដើមដោយមិនឱ្យបាត់បង់នោះឡើយ នៅតាមវិហារ សាលាឆាន់ និង ប្រាសាទផ្សេងៗគឺនៅថែរក្សាទម្រង់ដើម ទោះមានការលាបពណ៌ច្នៃថ្មីខ្លះៗក្ដី។
យោងតាមគេហទំព័រ Tham Hiem Mekong បានឱ្យដឹងថា វត្តនេះត្រូវបានសាងសង់នៅក្នុងឆ្នាំ ១៧៨៥ ដោយដើមឡើយបានសាងសង់ពីឈើឫស្សី ប្រក់ស្លឹក ហើយក្រោយមកក៏បានរុះសង់ថ្ម រហូតដល់សព្វថ្ងៃ។ ពាក្យ «សំរោង» ដែលបានបញ្ចូលនៅក្នុងឈ្មោះវត្ត ព្រោះដើមឡើយវត្តនេះសម្បូរទៅដោយដើមសំរោងជុំវិញវត្ត តែបច្ចុប្បន្ននេះដើមសំរោងនៅសល់តែ ២ ដើមតែប៉ុណ្ណោះដោយយោងតាមការបញ្ជាក់ពីព្រះសង្ឃក្នុងវត្ត៕
ប្រភព៖ ទំព័រវត្តបទុមវង្សាសំរោង/Tham Hiem Mekong