មហាសេដ្ឋីខាងបច្ចេកវិទ្យាធនាគារលំដាប់ប្រទេសចិន ត្រូវបានរាយការណ៍ថា បាត់ខ្លួនដោយគ្មានមូលហេតុ
សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា មហាសេដ្ឋីកំពូលម្នាក់នៅប្រទេសចិន លោក Bao Fan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន China Renaissance Holdings គឺមិនអាចទាក់ទងបានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យោងតាមការលើកឡើងរបស់ក្រុមហ៊ុនលោក។
លោក Bao គឺជាឈ្មួញកណ្តាលកិច្ចព្រមព្រៀងឈានមុខគេនៅក្នុងប្រទេសចិន ដែលអតិថិជនរបស់ពួកគេរួមមានក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Didi និង Meituan បានបាត់ខ្លួន។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនរបស់លោក បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីការបង្ក្រាបនៅទីក្រុងប៉េកាំង ដែលមានសក្តានុពលលើផ្នែកហិរញ្ញវត្ថុ និង បច្ចេកវិទ្យា ខណៈដែលភាគហ៊ុននៅក្នុងក្រុមហ៊ុនវិនិយោគបានធ្លាក់ចុះកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីក្រុមហ៊ុននេះបានប្រាប់ម្ចាស់ភាគហ៊ុនថា ខ្លួនមិនអាចទាក់ទងទៅលោក Bao Fan បាន។
យ៉ាងណាមិញ ចំពោះបញ្ហាបាត់ខ្លួនរបស់មហាសេដ្ឋីរូបនេះ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមិនអាចបញ្ជាក់បានទេថា លោក Bao បានបាត់ខ្លួនរយៈពេលប៉ុន្មានថ្ងៃមកហើយ ស្របពេលដែលសារព័ត៌មានក្នុងប្រទសចិន បានចុះផ្សាយថា បុគ្គលិករបស់លោកគឺមិនអាចទាក់ទងលោកបានរយៈពេល ២ ថ្ងៃហើយ ដែលបញ្ហានេះត្រូវបានគេសន្មតថាជាប់ទាក់ទងជាមួយនឹងអាជីវកម្ម ឬ ប្រតិបត្តិការរបស់ក្រុមហ៊ុន។
មិនតែប៉ុណ្ណោះទេ ការបាត់ខ្លួនរបស់លោក Bao ដែលជាអ្នកវិនិយោគបច្ចេកវិទ្យាឈានមុខគេម្នាក់របស់ប្រទេសចិន បានធ្វើឱ្យគេនឹកឃើញឡើងវិញពីការបាត់ខ្លួននាយកប្រតិបត្តិរបស់ចិន ជាច្រើនរូបដោយគ្មានមូលហេតុដូចគ្នា។
បើយោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងទៀតថា ៖ «យ៉ាងហោចណាស់មហាសេដ្ឋីរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបាត់ខ្លួន ក្រោយពីបានរាយការណ៍ថាបានជាប់ពាក់ព័ន្ធជាមួយនយោបាយ» ដែលក្នុងករណីជាច្រើនគឺពួកគេត្រូវបានគេសង្ស័យថា បានជាប់ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ ពន្ធ ឬ ការស៊ើបអង្កេតពីការប្រព្រឹត្តខុសច្បាប់ផ្សេងៗទៀត។
ដោយឡែក ការបាត់ខ្លួនដែលគួរឱ្យកត់សម្គាល់នោះរួមមានស្ថាបនិកក្រុម Fosun លោក Guo Guangchang ដែលត្រូវបានគេហៅថា Warren Buffet របស់ប្រទេសចិន បានបាត់ខ្លួនជាច្រើនថ្ងៃនៅកាលពីឆ្នាំ ២០១៥ ។ អ្នកជំនួញជនជាតិចិន-កាណាដា លោក Xiao Jianhua ក៏ត្រូវបានបាត់ខ្លួននៅឆ្នាំ ២០១៧ ខណៈដែលលោកធ្លាប់ជាអ្នកមានបំផុតម្នាក់របស់ប្រទេសចិន ហើយកាលពីឆ្នាំ ២០២២ ត្រូវបានចាប់ដាក់ពន្ធនាគារពីបទពុករលួយ។
គួរបញ្ជាក់ដែរ សូម្បីតែស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក៏បានបាត់ខ្លួនអស់រយៈពេល ៣ ខែផងដែរ គឺនៅចុងឆ្នាំ ២០២០ បន្ទាប់ពីបានបញ្ចេញមតិរិះគន់ទៅលើនិយតករទីផ្សារ ប៉ុន្តែនៅពេលនេះនៅមិនទាន់មានព័ត៌មានបន្ថែមណាមួយបញ្ជាក់ពីការបាត់ខ្លួនរបស់មហាសេដ្ឋីបច្ចេកវិទ្យាធនាគាររបស់ចិនមួយរូបនេះឡើយ៕
ប្រភព៖ BBC