ស្រដៀងករណីតារាស្រី Abby Choi! នៅជប៉ុន ស្ត្រីមេម៉ាយម្នាក់ត្រូវគូស្នេហ៍សម្ល-ា-.ប់បំបែករាងកាយ គួរឱ្យសង្វេគ
ស្របពេលរឿងករណីឃាតកម្មដ៏រន្ធត់របស់តារាម៉ូដែលហុងកុង Abby Choi នៅកំពុងក្លាយជាព័ត៌មានទំព័រមុខតាមបណ្ដាសារព័ត៌មានជាច្រើននៅឡើយ ស្រាប់តែកើតមានករណីឃាតកម្មស្រដៀងគ្នាថ្មីមួយទៀត នាប្រទេសជប៉ុន ដោយជនរងគ្រោះគឺជាស្ត្រីមេម៉ាយរស់នៅក្នុងក្រុង Numazu នៃដែនដី Shizuoka។
នៅទីនោះ ប៉ូលិសបានរកឃើញបំណែកសាកសពរបស់ស្ត្រីមេម៉ាយវ័យ ៣៣ ឆ្នាំម្នាក់ឈ្មោះ Ayumi Ito នៅលើយ៉ខាងមុខផ្ទះ និង ក្នុងឡានរបស់ជនសង្ស័យ។ តាមការចេញផ្សាយរបស់សារព័ត៌មាន Straitstimes បានឱ្យដឹងថា បំណែកសាកសពរបស់ជនរងគ្រោះ Ayumi Ito ត្រូវបានប្រទះឃើញនៅលើយ៉ខាងមុខផ្ទះរបស់ជនសង្ស័យឈ្មោះ Yuki Tsuchiya អាយុ ៣១ ឆ្នាំ ក៏ដូចជាក្នុងឡានរបស់លោក។
រហូតមកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដោយរូបគេបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន។ ករណីឃាតកម្មមួយនេះដែរ ត្រូវបានឱ្យដឹងថា កើតមានឡើងតាំងពីថ្ងៃទី ២១ ខែកុម្ភៈ មកម្ល៉េះ។ តាមសម្ដីរបស់ជនសង្ស័យ បាននិយាយថា លោកបានយកវត្ថុរឹងវាយលើក្បាលជនរងគ្រោះក្នុងឡានរបស់លោក មុនបន្តរឹត-កនាងបន្ថែមទៀត។ ក្រោយមក លោកបានយកសពរបស់នាងទៅផ្ទះ ដើម្បីធ្វើការបំបែកសព ដោយមួយផ្នែកទុកនៅលើយ៉ខាងមុខផ្ទះ និង មួយចំនួនទៀតរូបគេបានយកទៅលាក់ទុកក្នុងឡាន។
គួរឱ្យដឹងផងដែរថា បើតាមសារព័ត៌មាន Straitstime ដដែល ជនរងគ្រោះ និង ជនសង្ស័យគឺជាគូស្នេហ៍នឹងគ្នា ដោយជនរងគ្រោះជាស្ត្រីមេម៉ាយ ខណៈជនសង្ស័យជាបុរសរៀបការហើយ មានកូនៗ ២ នាក់។ ពួកគេទាំងពីរ ជឿជាក់ថាបានជួបគ្នាក្នុងឆ្នាំ ២០២២។ យ៉ាងណាមិញ ចំពោះមូលហេតុនៃការសម្លាប់ដ៏សាហាវមួយនេះដែរ នៅមិនទាន់បានទម្លាយនោះទេ ខណៈប៉ូលិសកំពុងបន្តការសាកសួរ និង ស៊ើបអង្កេតជាបន្តទៀត៕