(វីដេអូ) ព័ត៌មានថៃចុះថា Buakaw លោតឆត្រយោងភ្លាត់ស្នៀតត្រូវខ្សែរុំជើង អូសដីជិត ១០០ ម៉ែត្រ
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយអ្នកប្រដាល់ថៃល្បីឈ្មោះ Buakaw ជួបគ្រោះថ្នាក់អំឡុងពេលហ្វឹកហាត់លោតឆត្រយោង ហើយត្រូវអូសជិត ១០០ ម៉ែត្រ ព្រោះតែខ្សែរុំព័ទ្ធជើង ពេលចុះដល់ដី។
យោងតាមសារព័ត៌មានថៃ Thairath បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Sambat Banchamek ឬ ហៅថា Buakaw បានចូលរួមការហ្វឹកហាត់លោតឆត្រយោងជាមួយកងទ័ពសហរដ្ឋអាមេរិក SAO-JFEO (Strategic Skydiving Area of Operations) នៅទីតាំងកីឡាដ្ឋាន Ban Tha Dua Parachute ស្រុក Muang ខេត្ត Lop Buri។
អំឡុងពេលលោតឆត្រ Buakaw បានជួបឧប្បត្តិវហេតុមិនអាចទាញឆត្របាន ហើយត្រូវខ្សែពួររុំព័ទ្ធជើងធ្លាក់ចុះមកដីអូសជិត ១០០ ម៉ែត្រ ធ្វើឱ្យអ្នកចូលរួមផ្សេងទៀតភ្ញាក់ផ្អើល ហើយភ័យជំនួស តែជាសំណាងល្អលោកនៅតែអាចប្រមូលស្មារតីមកវិញបាន ហើយងើបឈរឡើងញញឹម និង បញ្ជាក់ថាខ្លួនមិនអីនោះទេ គ្រាន់តែខូចអេក្រង់ទូរស័ព្ទប៉ុណ្ណោះ៕