កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅសារព័ត៌មាន Sputnik បានចុះផ្សាយថា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសង្ឃឹមថា ជំងឺរាតត្បាតនៃមេរោគឆ្លងកូវីដ ១៩ នឹងបញ្ចប់នៅឆ្នាំ ២០២៣ នេះ។
បើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រ WHO របស់លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ៖ «ចំនួនអ្នកស្លាប់ ដែលបានរាយការណ៍ប្រចាំសប្តាហ៍គឺ ទាបជាងពេល ដែលយើងបានប្រើពាក្យ «ជំងឺរាតត្បាត» ជាលើកដំបូងកាលពី ៣ ឆ្នាំមុន។ ហើយខ្ញុំជឿជាក់ថានៅចំណុចណាមួយនៅឆ្នាំនេះ យើងនឹងអាចនិយាយបានថា ជំងឺកូវីដ-១៩ នឹងត្រូវបានបញ្ចប់»។
មិនតែប៉ុណ្ណោះ លោក Ghebreyesus ក៏បាននិយាយទៀតថា ៖ «អ្នករាល់គ្នាត្រូវតែរៀនមេរៀនអំពីជំងឺរាតត្បាត។ ប្រសិនបើយើងមិនធ្វើដូចនេះទេ ពេលមានបញ្ហាម្ដងទៀតយើងនឹងមានការភ័យស្លន់ស្លោ និង ការធ្វេសប្រហែស ដែលវាជាសញ្ញាសម្គាល់នៃការឆ្លងជាសាកលចំពោះជំងឺរាតត្បាតអស់ជាច្រើនទសវត្សរ៍មកហើយ»៕
ប្រភព ៖ Sputnik