ប្រយ័ត្នផង! ការបរិភោគផ្លែបំពេញរាជ្យលេបទាំងគ្រាប់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតស្មានមិនដល់
បើតាមសារបង្ហោះក្រើនរំឭកពីខាងមន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា ការបរិភោគផ្លែបំពេញរាជ្យ ឬ ហៅងាយយល់ថាផ្លែកំពីងរាជ្យ ទាំងគ្រាប់អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែអ្នកបរិភោគភាគច្រើនមិនសូវចាប់អារម្មណ៍ថាការបរិភាគផ្លែឈើនេះទាំងគ្រាប់អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬ អាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវព្យាបាលដោយការវះកាត់ក៏មាន។
ក្នុងសារបង្ហោះក៏បានលើកឡើងដែរថា ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យនេះមិនអាចរំលាយ ឬ កិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និង សរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ ដោយគ្រាប់នេះនឹងត្រូវបញ្ជូនបន្តទៅតាមពោះវៀនតូច រួចមកស្តុកទុកចុងបញ្ចប់នៅផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។
ដោយឡែក ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស អាចរំខានដល់ការរំលាយអាហារ និង ចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀន ដែលធ្វើឱ្យមានអាការឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬ ក្អួត ជាដើម ហើយក៏អាចបង្កឱ្យរលាកតាមផ្លូវរំលាយអាហារ ដែលមានអាការ ចុកពោះ រាកមួល និង គ្រុនក្ដៅ។ មិនតែប៉ុណ្ណោះក៏អាចបង្កឱ្យលាមករឹងក្ដៀន និង ពិបាកបន្ទោរបង់ផងដែរ។
យ៉ាងណាមិញ សម្រាប់ផលវិបាកធ្ងន់ធ្ងររបស់គ្រាប់ផ្លែបំពេញរាជ្យនេះ គឺគ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឱ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឱ្យអ្នកជំងឺមិនអាចបន្ទោរបង់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និង មានការក្អួតខ្លាំងក្រោយហូបអាហារ។ លើសពីនេះគ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន ក៏បានកកិតនឹងភ្នាសពោះវៀន ដែលកំពុងរលាកអាចបង្កឱ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមក និង មេរោគ បណ្ដាលឱ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ហើយពេលបញ្ជូនអ្នកជំងឺទៅពេទ្យយឺតយាវអាចធ្វើឱ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
ទន្ទឹមនឹងនេះដែរ ខាងមន្ទីរពេទ្យក៏បានបញ្ជាក់ទៀតថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គលមនុស្សវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ ឬ មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ ដូចជាអ្នកឧស្សាហ៍ក្ដៀនលាមក ដែលជារឿយៗពិបាកបន្ទោរបង់។ វាក៏អាចកើតមានចំពោះមនុស្សមានជំងឺប្រចាំកាយ និង ប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលងាយឆ្លងរោគ ងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និង អ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម និង ចំពោះមនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពធ្វើឱ្យចលនាពោះវៀនថយចុះ។
គួរបញ្ជាក់ដែរថា សម្រាប់វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យនោះគឺ ក្នុងករណីហូបចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ទាមទារឱ្យមានការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឱ្យបានបន្ទោរបង់គ្រាប់បំពេញរាជ្យទាំងនោះចេញមកវិញ។ បើក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរគឺ ចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និង លាមកកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត៕
ប្រភព និង រូបភាពដោយ៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital