ផ្អើលជាងផាត់មុខយកថ្នាំក្រចក មកលាបធ្មេញភ្ញៀវឱ្យស រហូតអ្នកជំនាញព្រមាន ព្រោះគ្រោះថ្នាក់ដល់សុខភាព
ថ្មីៗនេះ មានគ្រូពេទ្យជំនាញម្នាក់ បានចេញមុខទម្លាយដាស់តឿន ដល់ការប៉ះពាស់សុខភាព ក្រោយឃើញមានជាងផាត់មុខមួយចំនួន នឹកឃើញយកថ្នាំលាបក្រចក ទៅលាបធ្មេញភ្ញៀវឱ្យឃើញស។
គ្រូពេទ្យរូបនេះ បានឱ្យដឹងថា មួយរយៈក្រោយនេះ ខ្លួនសង្កេតឃើញមានជាងផាត់មុខ ជាពិសេសជាងផាត់នៅតាមការប្រកួតបវរកញ្ញានៅតាមស្រុកតាមភូមិ បានយកថ្នាំលាបក្រចកទៅលាបធ្មេញឱ្យភ្ញៀវ ធ្វើឱ្យធ្មេញស ដែលមិនដឹងថាវាមានសារធាតុគីមីអ្វីខ្លះ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពនោះទេ។
គ្រូពេទ្យបានបន្តទៀតថា សារធាតុគីមីដែលគួរឱ្យប្រយ័ត្នបំផុតនោះគឺ Dibutyl Phthalate សារធាតុនេះ ភាគច្រើនត្រូវគេយកទៅផ្សំក្នុងការផលិតពណ៌ ថ្នាំសម្លាប់សត្វល្អិត និង ផ្លាស្ទិក។ បើសិនជាប្រើប៉ះពាល់ដល់រាងកាយ អាចធ្វើឱ្យកើតមហារីក បើសិនជាស្រ្តីពពោះ អាចនឹងធ្វើឱ្យកូនពិការបានទៀតផង។ ចំណែក Toluene សារធាតុនេះ ស្រូបចូលទៅអាចធ្វើឱ្យវិលមុខ បើស្រូបកាន់តែយូរទៅ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ថ្លើម និង ក្រលៀន ព្រមទាំងប្រព័ន្ធប្រសាទផងដែរ។ សារធាតុមួយទៀតគឺ Formaldehyde សារធាតុនេះ គឺសម្រាប់ធ្វើឱ្យពណ៌ជាប់បានល្អ ហើយបើសិនជាស្រូបក្លិនវាយូរទៅ អាចធ្វើឱ្យរលាកច្រមុះ ឈឺក ឈឺភ្នែក ឈឺក្បាល ចង់ក្អួត ហើយក៏អាចបង្កឱ្យកើតមហារីកដូចគ្នាដែរ។
ចុងក្រោយ គ្រូពេទ្យបានផ្តាំទៀតថា បើសិនជាងទើបតែលាបក្រចកហើយថ្មីៗ មិនគួរទៅចាប់អាហារមកញ៉ាំឡើយ ព្រោះអាចធ្វើឱ្យសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយបាន។ ជាពិសេស ខណៈយកមកលាបធ្មេញបែបនេះទៀត គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះសារធាតុគីមីចូលដល់ក្នុងខ្លួនពេញៗតែម្តង៕