មហាសេដ្ឋីវ័យ ៩២ ឆ្នាំ ប្រកាសរៀបការជាលើកទី ៥ ជាមួយគូដណ្ដឹងវ័យ ៦៦ ឆ្នាំ
មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយវ័យ ៩២ ឆ្នាំ Rupert Murdoch ប្រកាសគម្រោងរៀបការជាលើកទី ៥ ជាមួយគូដណ្ដឹងវ័យ ៦៦ ឆ្នាំរបស់លោក នារដូវក្ដៅនេះ។
កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មហាសេដ្ឋី Murdoch បាននិយាយទាំងក្ដីរីករាយថា៖ «ខ្ញុំភ័យផងអរផង។ ខ្ញុំខ្លាចរឿងធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៉ុន្តែខ្ញុំដឹងថា នេះគឺជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ។ ខ្ញុំពិតជារីករាយណាស់»។
គួរឱ្យដឹងថា មហាសេដ្ឋី Murdoch គឺជាអ្នកមានទ្រព្យស្តុកលំដាប់ទី ៩៥ លើពិភពលោក ដោយទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួន ១៧.២ ពាន់លានដុល្លារ។ លោកគឺជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍ និង កាសែតល្បីៗជាច្រើនដូចជា Sky News Australia, Fox News, Wall Street Journal, New York Post និង Sun។ អាពាហ៍ពិពាហ៍ ៣ លើកដំបូង លោកទទួលបានចំណងដៃកូនៗចំនួន ៦ នាក់ ចំណែកភរិយាទី ៤ របស់លោកជាអតីតតារាម៉ូដែល Jerry Hall ដែលចំណងស្នេហ៍របស់អ្នកទាំង ២ បានបញ្ចប់ដោយការលែងលះទៅវិញកាលពីឆ្នាំមុន។
បើងាកមកគូដណ្ដឹងវ័យ ៦៦ ឆ្នាំរបស់លោកវិញ គឺមានឈ្មោះថា Lesley Smith ដែលនាងធ្លាប់ជាតារាម៉ូដែល តន្ត្រីករ អ្នកចម្រៀង អ្នកកាសែត និង ជាអ្នកនិយាយតាមវិទ្យុ។ នាងធ្លាប់រៀបការ ២ ដង ដោយស្វាមីទី ២ របស់នាងគឺលោក Chester Smith ដែលបានទទួលមរណភាពទៅកាលពីឆ្នាំ ២០០៨៕