ថ្ងៃទី ២១ មីនានេះ ជាខួប ១៨ ឆ្នាំ នៃការជ្រើសយក «ផ្ការំដួល» ជាផ្កាតំណាងជាតិកម្ពុជា
ផ្ការំដួល មានដុះនៅតាមសួនច្បារ ក្នុងក្រុងធំមួយចំនួននៅក្នុងប្រទេសកម្ពុជា មានដើមឈរបែកមែកសាខាកម្ពស់ពី ៣ ទៅ ១៥ ម៉ែត្រ សម្បកដើមពណ៌ត្នោតរលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរាងរលោង ស្រួចចុង និង មានពណ៌បៃតងចាស់ ដោយវាចាប់ផ្តើមមានផ្កាពីខែធ្នូដល់ខែមីនា រៀងរាល់ឆ្នាំ ហើយផ្លែមានពណ៌បៃតងខ្ចីមូលតូចរលោងមានគ្រាប់ ១ ឬ ២ គ្រាប់ ដែលផ្លែជាកញ្ចុំពេលទុំមានពណ៌ខ្មៅមានរសជាតិជូរអែម។
យ៉ាងណាមិញ តាមព្រះរាជក្រឹត្យចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ កម្ពុជា បានកំណត់យកផ្ការំដួលធ្វើជា ផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ ដែលការសម្រេចយករំដួលជា ផ្កានិមិត្តរូបរបស់ជាតិនេះ គឺដោយសារតែផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ និង ផ្តល់នូវអត្ថប្រយោជន៍ច្រើននៅក្នុងសង្គមខ្មែរ។
មិនត្រឹមតែប៉ុណ្ណោះទេ «ផ្ការំដួល» ដែលមានពណ៌លឿង ស ក្រហម មានក្លិនសាយឆ្ងាយ ចាស់បុរាណនិយមប្រើប្រាស់ជា គ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី ព្រោះតែវាមានក្លិនក្រអូបឈ្ងុយខុសប្លែកពីផ្កាដទៃ។ លើសពីនេះទៅទៀត រំដួលក៏មានគុណប្រយោជន៍ខាងឱសថក្នុងការកែរោគ ដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាយកទៅធ្វើជាថ្នាំបំបាត់អាការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម។ ចំណែកឯ កេសររបស់រំដួល អាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និង ជួយបំបាត់អាការៈវិលមុខ ព្រមទាំងខ្យល់គរទៀតផង។
គួរដឹងដែរថា «ផ្ការំដួល» មានក្លិនក្រអូបជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះហើយ ទើបចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំទៅនឹងផ្ការំដួលថា មានក្លិនក្រអូប និង រូបរាងស្រស់ស្អាត។ ក្រៅពីយកផ្ការំដួលតំណាងឱ្យប្រទេសកម្ពុជា ហើយនោះខាងមន្ទីរកសិកម្មក៏បានយកផ្កានេះដំណាងឱ្យវិស័យកសិកម្មដែរ ដោយមានជំនឿថាធ្វើដូចនេះប្រជាជនខ្មែរ គ្រប់រូបពិសេសយុវជនខ្មែរ ទាំងអស់នឹងចងចាំ និង ធ្វើខ្លួនឱ្យមានក្លិនក្រអូប និង ស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឱ្យប្រទេសក៏ដូចជាខ្លួនឯងផ្ទាល់អ៊ីចឹង៕