ព្យុះព្រះអាទិត្យ នឹងធ្វើឱ្យឈូងមុទ្រភាគខាងកើតប្រទេសអូស្រ្តាលី កើតមានបាតុភូតមួយនៅយប់ថ្ងៃសុក្រនេះ
សារព័ត៌មាន The Guardian បានចុះផ្សាយនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នេះថា ព្យុះព្រះអាទិត្យដ៏ធំមួយដែលនឹងកើតឡើងនៅយប់ថ្ងៃសុក្រ ទី ២៤ ខែមីនានេះ អាចនឹងនាំឱ្យមានពន្លឺដ៏អស្ចារ្យមួយនៅទូទាំងឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី ខណៈដែលអ្នកវិទ្យាសាស្ត្របានព្រមានថា ការបើកប្រហោង Coronal ដ៏ធំសម្បើមនៅលើព្រះអាទិត្យនេះ អាចបណ្តាលឱ្យមានការរំខានដល់ប្រព័ន្ធអគ្គិសនី និង ប្រព័ន្ធ GPS ដោយសារតែកាលពីឆ្នាំ ១៩៨៩ ព្យុះព្រះអាទិត្យ បានធ្វើឱ្យប្រទេសកាណាដា ទាំងមូលដាច់ភ្លើងងងឹតសូន្យសុង។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Hannah Schunker អ្នកជំនាញរូបវិទ្យានៃព្រះអាទិត្យ និង ប្រព័ន្ធផ្កាយ បាននិយាយថា ៖ «យើងមិនដឹងថា ផលប៉ះពាល់ពេញលេញនៃព្យុះព្រះអាទិត្យនេះអាចបង្កផលប៉ះពាល់យ៉ាងណាឡើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាអាចបង្កើតចរន្ត ដែលអាចរំខានដល់ប្រព័ន្ធអេឡិចត្រូនិច ពោលមានន័យថា វាអាចមានការរំខានដល់ផ្កាយរណបនៅក្នុងគន្លងជុំវិញផែនដី ហើយប្រសិនបើខ្យល់ព្យុះខ្លាំង វាអាចរំខានដល់ថាមពល ដោយវាអាចផ្តាច់ប្រព័ន្ធថាមពលទាំងស្រុង ដែលនឹងមានការដាច់ចរន្តអគ្គិសនី ប្រសិនបើមានការខូចខាតនៅតាមស្ថានីយ៍ថាមពល»។ ចំណែកឯ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុអវកាសអូស្ត្រាលី បាននិយាយថា ៖ «ការកើនឡើងភូគព្ភម៉ាញ៉េទិកគឺអាចដោយសារតែចរន្តខ្យល់ដែលមានល្បឿនលឿននៃប្រហោង Coronal»។
ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ដែរថា សកម្មភាពនៃព្យុះនេះបានឈានដល់កម្រិត G3 ទូទាំងពិភពលោក និង កម្រិត G2 នៅក្នុងប្រទេសអូស្ត្រាលី (G2 កម្រិតមធ្យម និង G3 កម្រិតខ្លាំង) ហើយព្យុះនេះក៏អាចរំខានដល់គន្លងផ្កាយរណប និង ប៉ះពាល់ដល់ប្រេកង់វិទ្យុ។ លើសពីនេះទៅទៀត ប្រសិនបើព្យុះបានទៅដល់កម្រិត G4 (ធ្ងន់ធ្ងរ) ឬ G5 (ខ្លាំង) GPS អាចនឹងធ្លាក់ចុះ ហើយផ្កាយរណបនឹងត្រូវបំផ្លាញ ព្រមទាំងយន្តហោះអាចរងផលប៉ះពាល់ ខណៈដែលបាតុភូត auroras នឹងអាចមើលឃើញនៅភាគខាងជើងដូចជា នៅ Sydney, Perth និង Queensland ភាគខាងត្បូង៕
ប្រភព ៖ The Guardian